(ក្រុងឡុងដ៍)៖ Arsenal ឬតោខៀវ Chelsea នឹងត្រូវប៉ះក្រុម Liverpool ដើម្បីប្រជែងយកពានបើករដូវកាល FA Community Shield ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា LiveScore បានចេញផ្សាយថា ការប្រកួតខាងលើនេះ នឹងធ្វើឡើងនៅកីឡដ្ឋានជាតិអង់គ្លេស Wembley ជាទីដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានជិត ៩ម៉ឹននាក់នារាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ដោយមានហង្សក្រហម Liverpool ដែលជាជើងឯក Premier League បានកំពុងឈរចាំស្រាប់ រង់ចាំក្រុមឈ្នះពាន FA Cup រវាងកាំភ្លើងធំ Arsenal ទល់នឹង Chelsea ដែលធ្វើឡើងនារាត្រីថ្ងៃសៅរ៍ ទី០១ ខែសីហាចុងសប្តាហ៍នេះ។

Manchester City ជាក្រុមជើងឯកឆ្នាំចាស់ ដែលបានយកឈ្នះ Liverpool ដោយបាល់ប៉េណាល់ទីកាត់សេចក្តីនោះ បានអវត្តមានទៅហើយ ដោយសារបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នារដូវកាលឆ្នាំ២០១៩-២០២០ នេះ ដ្បិតក្រុមរបស់លោក Pep Guardiola ឈ្នះពានដល់ទៅ៣ ក្នុង១រដូវកាលឆ្នាំ២០១៨-២០១៩ រួមមានពាន League Cup, FA Cup និងពានលីគកំពូល Premier League។

ព្រឹត្តិការណ៍លីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០២០-២០២១ នឹងចាប់ផ្តើមបើករដូវកាលថ្មីចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០តទៅ ដោយមាន២០ចូលរួមដដែល៕