(ហុងកុង)៖ អ្នកវិនិយោគមួយចំនួនដែលជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន ByteDance (TikTok) បាននិងកំពុងតែសម្លឹងមើលក្នុងការទិញយកកម្មវិធី TikTok ក្នុងតម្លៃ ៥០ពាន់លានដុល្លារអាមេរិក ដើម្បីកុំឱ្យកម្មវិធីមួយនេះមានឈ្មោះថា ជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ឬក្រុមហ៊ុនចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

ប្រភពព័ត៌មានជាច្រើនបានរាយការណ៍មកថា ក្រុមអ្នកវិនិយោគទុនជាច្រើន ដូចជា Sequoia និង General Atlantic បានដាក់សំណើទិញយកភាគហ៊ុន ក្នុងទ្រង់ទ្រាធំ ឬទិញយកកម្មវិធី TikTok ដាច់ចេញពីក្រុមហ៊ុន ByteDance តែម្ដង ដែលពួកគេហ៊ានឱ្យតម្លៃរហូតដល់ ៥០ពាន់លានដុល្លារអាមេរិក។

ក្រុមអ្នកវិភាគបានមើលឃើញថា តម្លៃនេះស្នើនឹងប្រាក់ចំណូលប្រចាំឆ្នាំរបស់ TikTok ចំនួន៥០ដង ព្រោះបើតាមការវិភាគ TikTok អាចរកប្រាក់ចំណូលបានត្រឹមតែ ១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះនៅក្នុងឆ្នាំនេះ។

ប្រភពដដែលបានបញ្ជាក់ថា នៅពេលនេះនាយកប្រតិបត្តិ និងជាស្ថាបនិក TikTok កំពុងតែពិចារណាលើសំណើរបស់ក្រុមអ្នកវិនិយោគ ប៉ុន្តែគេនៅមិនទាន់ដឹងថា ការទិញនេះអាចជាល្បិចមួយដើម្បីឱ្យ TikTok រួចផុតពីការហាមឃាត់នៅក្នុងប្រទេសនៅលោកខាងលិច ខណៈដែលអាមេរិក និងបណ្ដាប្រទេស ជាច្រើនកំពុងពិចារណាបិទកម្មវិធីមួយនេះ។

គួរបញ្ជាក់ផងដែរថា ឥណ្ឌានាំមុខគេក្នុងការហាមហាត់កម្មវិធី TikTok បន្ទាប់មកសហរដ្ឋអាមេរិកក៏កំពុងពិចារណា ចំណែកថ្មីៗនេះប្រទេសជប៉ុនក៏បានប្រកាសឱ្យដឹងថា ក្រុមអ្នកច្បាប់កំពុងពិចារណាលើការហាមឃាត់កម្មវិធីនេះដូចគ្នា៕