(កូរ៉េ)៖ អ្នកគាំទ្រកំពុងរង់ចាំយ៉ាងអន្ទះសារ បន្ទាប់ពីក្រុមចម្រៀងនារីល្បីឈ្មោះ ក្នុងវិស័យ K-POP គឺ BLACKPINK បានប្រកាសថា នឹងបញ្ចេញអាល់ប៊ុមធំរបស់ខ្លួន នៅថ្ងៃទី០២ ខែតុលា ខាងមុខ ដែលត្រូវបានគេដឹងថា ជាអាល់ប៊ុមធំដំបូងបង្អស់របស់ក្រុម BLACKPINK ចាប់តាំងពីបង្កើតក្រុម​ក្នុងឆ្នាំ២០១៦មក។

YG Entertainment ដែលជាភ្នាក់ងាររបស់ BLACKPINK បានបញ្ចេញរូបភាពមួយសន្លឹក បង្ហាញពីមកុដពណ៌ផ្កាឈូក ចែងចាំងយ៉ាងទាក់ទាញ សម្រាប់អាល់ប៊ុមថ្មី ដែលគ្រោងបញ្ចេញនោះ។ ក្នុងឆ្នាំ២០២០ BLACKPINK នឹងកំណត់គោលដៅទៅកាន់ទីផ្សារពិភពលោក ជាមួយនឹងផែនការជាប្រព័ន្ធប្រកបដោយភាពហ្មត់ចត់ ខណៈពីមួយថ្ងៃទៅមួយថ្ងៃ ស្នាដៃរបស់ពួកគេកាន់តែមានភាពលេចធ្លោរជាសាលក។ នេះបើតាមសេចក្តីប្រកាសរបស់ YG។

បន្ថែមពីលើប្រជាប្រិយភាពរបស់ពួកគេ, BLACKPINK ក៏បានសហការច្រៀង ជាមួយកំពូលតារាចម្រៀងអាមេរិកល្បីៗ​ដូចជា Lady Gaga ជាដើម។ ជាពិសេស ថ្មីៗនេះ BLACKPINK កំពុងសហការជាមួយតារាអាមេរិកផ្សេងទៀត ប៉ុន្តែមិនទាន់ទម្លាយប្រាប់អ្នកគាំទ្រថា ជាតារារូបណាឡើយ អ្នកខ្លះទាយថា Ariana Grande អ្នកខ្លះថា Selena Gomez និងអ្នកខ្លះទៀតថា Taylor Swift។

គួរជម្រាបថា ក្រុម BLACKPINK ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ជាមួយសមាជិកនារី៤នាក់ ដូចជា​ Jennie, Lisa, Rosé និង Jisoo៕