(ភ្នំពេញ)៖ លោក ផន រស្មីពេជ្រ គ្រូបង្វឹកក្រុមជម្រើសខេត្តត្បូងឃ្មុំ បានសម្រេចចិត្តលាឈប់ពីតំណែងហើយ បន្ទាប់ពីដឹកនាំក្រុមការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត មិនបានសម្រេច ដោយបរាជ័យក្រោមថ្វីជើងក្រុមជម្រើសខេត្តព្រៃវែងក្នុងលទ្ធផល ១-០ នៃវគ្គផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃពុធ ទី២៩ ខែកក្កដា។

ក្រោយរបូតពានថ្នាក់ខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គ្រូបង្វឹកខាងលើបានបង្ហោះសារលើបណ្ដាញសង្គមដោយសរសេរថា «បាយៗធីមត្បូងឃ្មុំ នេះជាការទទួលខុសត្រូវរបស់ខ្ញុំ ជួបគ្នាលីគ២»។ សារនេះបានធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ពិសេសអ្នកខេត្តត្បូងឃ្មុំ មានការភ្ញាក់ផ្អើល និងមានការសោកស្ដាយជាខ្លាំង ទោះលោកមិនអាចជួយត្បូងឃ្មុំលើកពានសម្ដេចតេជោ-ថ្នាក់ខេត្តជាថ្មីក្ដី។

បន្ទាប់ពីបង្ហោះនូវសារខាងលើលោក ផន រស្មីពេជ្រ បានបញ្ជាក់ថា «ជាការពិតខ្ញុំបានលាឈប់ហើយ ប៉ុន្ដែនៅសល់ ២ប្រកួតទៀត គឺខ្ញុំឈប់តែម្ដង។ ចំពោះឆ្នាំក្រោយ គឺខ្ញុំលាឈប់ហ្មង។ ចំពោះ ២ប្រកួតទៀត គឺខ្ញុំត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ព្រោះថ្នាក់ដឹកនាំគាត់ឲ្យខ្ញុំនៅដឹកនាំ ២ប្រកួតទៀត»

ដោយឡែកពាក់ព័ន្ធនឹងពាក្យ «ជួបគ្នាលីគ២» លោកបានបង្ហើបថា ការបង្ហោះពាក្យនេះ ព្រោះលោកអាចនឹងដឹកនាំក្រុមមួយផ្សេងទៀត ចូលរួមប្រកួតលីគទី២ នាឆ្នាំក្រោយ។ លោកថា «ចំពោះលីគទី២ មានក្រុមមួយបានទាក់ទងមក ហើយយើងចរចារគ្នាត្រូវគ្នា ៧០% នៅសល់ ៣០% ទៀត។ ចឹងយើងរង់ចាំមើលសិន ព្រោះនៅសល់លក្ខខណ្ឌច្រើនទៀត»

យ៉ាងណាមិញទន្ទឹមជាមួយការប្រកាសលាឈប់ពីតំណែងគ្រូបង្វឹកខេត្តត្បូងឃ្មុំ លោកក៏បានបង្ហើបពីចំណុចមួយ ដែលលោកអន់ចិត្ត ជុំវិញការផ្ដល់រង្វាន់អ្នកចាំទីល្អ ទៅឲ្យអ្នកចាំទីខេត្តព្រៃវែងផងដែរ។ លោកថា «ខ្ញុំអត់ពេញចិត្ដការរៀបចំរបស់ CNCC ទី១ ការកំណត់អ្នកចាំទីល្អ មិនគួរឲ្យទៅអ្នកចាំទីព្រៃវែង (វីរៈ ដារ៉ា) នោះទេ អ្នកចាំទីល្អ គួរតែបានមកខេត្តខ្ញុំ ព្រោះការប្រកួតព្រៃវែង ប្ដូរអ្នកចាំទីរាល់ការប្រកួត»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ លោក ផន រស្មីពេជ្រ បានជួយឲ្យខេត្តត្បូងឃ្មុំ លើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក្រោយយកឈ្នះខេត្តសៀមរាប ១-០។ ប៉ុន្ដែគួរឲ្យស្ដាយឆ្នាំ២០២០ នេះ ត្បូងឃ្មុំបានត្រឹមជើងឯករង បន្ទាប់ពីប្រកួតចាញ់ខេត្តព្រៃវែង ១-០ នៅពហុកីឡដ្ឋានជាតិកាលពីយប់មិញ៕