(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានប្រកាសថា ព្រឹត្តិការណ៍ Suzuki Cup ឆ្នាំនេះនឹងត្រូវពន្យារពេលទៅឆ្នាំ២០២១ វិញដោយសារជំងឺ Covid-19។

កត្តាសុខភាព និងសុវត្ថិភាពរបស់កីឡាករគ្រូបង្វឹក ដៃគូអ្នកគាំទ្រ និងសាធារណជនមានអាទិភាពខ្ពស់បំផុត ដែលនាំឲ្យឈានដល់ការពន្យារពេលប្រកួតដល់ឆ្នាំក្រោយ បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងច្រើន មុននឹងឈានដល់ការសម្រេចចិត្តនេះ។

លោក ខៀវ សាម៉េត ប្រធានសហព័ន្ធ AFF បានថ្លែងថា AFF បានធ្វើការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីអង្គការសុខភាពពិភពលោកក្រសួងសុខាភិបាល ភ្នាក់ងាររដ្ឋាភិបាល FIFA និង AFC។

ដូចដែលអ្នកបានដឹងហើយថា ជំងឺរាតត្បាតនេះបន្តបង្កបញ្ហាប្រឈមផ្នែកសុខភាពសង្គម និងសេដ្ឋកិច្ចយ៉ាងខ្លាំងចំពោះយើងទាំងអស់គ្នា។ អាទិភាពដំបូងរបស់ AFF នៅតែបន្តយកចិត្តទុកដាក់លេីសុខភាព និងសុវត្ថិភាពនៃគ្រួសារបាល់ទាត់របស់យើង និងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះ។

គួររំលឹកថា វៀតណាម ជាម្ចាស់ជេីងឯកពាន AFF Suzuki Cup 2018 ក្រោយយកឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-២ទាំងពីរជេីងនៅវគ្គផ្តាច់ព្រ័ត្រ៕