(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្តរួចមក នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៣១ ខែកក្កដានេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) នឹងរៀបចំពិធីចាប់គូប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន - ថ្នាក់ជាតិវិញម្ដង នៅពហុកីឡដ្ឋានជាតិ។
បេក្ខភាពចូលរួមចាប់ឆ្នោត និងត្រៀមការប្រកួតពានរង្វាន់ថ្នាក់ជាតិនេះ គឺមាន ១២ក្លិប ជាសមាជិកក្របខណ្ឌលីគកំពូលកម្ពុជា រួមមានក្រុមបឹងកេត ព្រះខ័នរាជស្វាយរៀង វិសាខា ភ្នំពេញក្រោន កងយោធពលខេមរភូមិន្ទ នគរបាលជាតិ ណាហ្គាវើលដ៏ អាស៊ីអឺរ៉ុប អង្គរថាយហ្គឺរ អគ្គិសនីកម្ពុជា សូលទីឡូអង្គរ និងក្រុមគិរីវង់សុខសែនជ័យ។
ដោយឡែក ៤ក្រុមទៀត គឺជាបេក្ខភាព ៤ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រួមមានក្រុមជើងឯកខេត្តព្រៃវែង ក្រុមជើងឯករងខេត្តត្បូងឃ្មុំ ក្រុមចំណាត់ថ្នាក់លេខ៣ ខេត្តកែប និងក្រុមចំណាត់ថ្នាក់លេខ៤ ខេត្តសៀមរាប ។ ហើយក្រុមទាំង១៦ នឹងត្រូវចាប់ឆ្នោតប៉ះគ្នា ហើយធ្វើការប្រកួត ២ជើង ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងវគ្គបន្ដ។
ចំពោះកម្មវិធីជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីថ្នាក់ជាតិ នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ហើយជើងទី២ នឹងប្រកួតនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។ ដូច្នេះរង់ចាំអ៊ុតទាំងអស់គ្នា តើក្រុមខ្លាំងណាខ្លះ ត្រូវជួបគ្នា ហើយក្រុមជម្រើសខេត្តទាំង៤ ដែលទើបឡើងមកពីពានថ្នាក់ខេត្ត នឹងត្រូវជួបក្លិបអាជីពណាខ្លះ?