(ហ្ស៊ូរិច)៖ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងត្រូវបានរដ្ឋអាជ្ញានៃប្រទេសស្វីសបេីកការស៊េីបអង្កេត ទាក់ទងទៅនឹងការប្រជុំសម្ងាត់មួយដែលត្រូវបានគេចោទថា បានប្រារព្ធធ្វើឡើងជាមួយអគ្គមេធាវី Michael Lauber។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
លោក Lauber កាលពីសប្តាហ៍មុនបានស្នើសុំលាលែងពីតំណែង បន្ទាប់ពីរងការចោទថា លោកបានបិទបាំងការប្រជុំ និងកុហកអ្នកត្រួតពិនិត្យក្នុងអំឡុងពេលនៃការស៊ើបអង្កេតមួយ ដោយការិយាល័យរបស់លោក អំពីអំពើពុករលួយ។
អ្នកទាំងពីរក៏បានធ្វេីការបដិសេធរាល់ការធ្វើខុសនេះដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ FIFA បានឲ្យដឹងថា Infantino និងគណៈអភិបាលនឹង ធ្វើកិច្ចសហប្រតិបត្តិការពេញលេញជាមួយការស៊ើបអង្កេតនេះ។
ទន្ទឹមគ្នានោះ លោក Infantino បាននិយាយថា ក្នុងនាមជាប្រធាននៃ FIFA វាគឺជាគោលបំណងរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃហើយវានៅតែជាគោលបំណងរបស់ខ្ញុំ ដើម្បីជួយដល់អាជ្ញាធរក្នុងការស៊ើបអង្កេតអំពីការធ្វើខុសនៅ FIFA។
កន្លងមក FIFA ក៏បានគូសបញ្ជាក់ពីការអត្ថាធិប្បាយដែល Infantino បានធ្វើកាលពីខែមិថុនានៅពេលដែលគាត់បាននិយាយថា ដើម្បីជួបជាមួយអគ្គមេធាវីនៃប្រទេសស្វីសគឺមានភាពត្រឹមត្រូវតាមច្បាប់ ហើយវាមានលក្ខណៈស្របច្បាប់ឥតខ្ចោះ។ វាមិនមានការរំលោភបំពានអ្វីទាំងអស់។
ការិយាល័យរបស់លោក Lauber បាននិយាយថា លោកបានដាក់ការលាលែងពីតំណែងជាផ្លូវការនៅថ្ងៃអង្គារដេីមសប្តាហ៍នេះ ជាមួយនឹងថ្ងៃចុងក្រោយនៃកាតព្វកិច្ចរបស់លោកដែលត្រូវបានកំណត់ត្រឹមថ្ងៃទី៣១ ខែសីហា។
វាកើតឡើងបន្ទាប់ពីព្រះរាជអាជ្ញាពិសេស Stefan Keller ត្រូវបានតែងតាំងកាលពីខែមិថុនា ដើម្បីពិនិត្យឡើងវិញនូវបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបុរសពីរនាក់ និងអ្នកដទៃទៀត ដែលបានរកឃើញអំពីការប្រព្រឹត្តបទឧក្រិដ្ឋទាក់ទងនឹងការប្រជុំរបស់ពួកគេ។
ក្រុមអ្នកឃ្លាំមើលបាននិយាយថា ឥឡូវនេះលោក Keller បានបើកនីតិវិធីប្រឆាំងទាំងលោក Infantino និងរដ្ឋអាជ្ញាសាធារណៈប្រចាំតំបន់ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំហើយកំពុងស្វែងរកការយល់ព្រមពីសភាដើម្បីឲ្យមានអភ័យឯកសិទ្ធិរបស់លោក Lauber ពីការកាត់ទោសនេះ៕