(ក្រុងតូរីន)៖ អតីតកីឡាករជំនាញ free kick ខ្សែបម្រើ Andrea Pirlo បានត្រឡប់ទៅកាន់ក្រុមយុវជនអាយុក្រោម ២៣ឆ្នាំនៃក្លិបសេះបង្កង់ Juventus ក្រោយចាកចេញពីក្លិបនេះមានរយៈពេល ៥ឆ្នាំតាំងគិតចាប់តាំងពីឆ្នាំ២០១៥ មក។
តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយថា បុរសវ័យ ៤១ឆ្នាំ Pirlo ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅ នៃក្រុម U23 ដែលជាឈុតទី២ (Juventus B) របស់ក្លិបសេះបង្កង់មួយនេះ ដោយមិនបានបង្ហាញពីតម្លៃពលកម្ម និងកិច្ចសន្យាឡើយ។
តែយ៉ាងណា Pirlo ក៏ជាអតីតកីឡាករនិម្មិតរូបរបស់ Juventus ផងដែរ ពីការចូលលេងបាន ១៦៤ប្រកួតនៅអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ដោយរកបាន ១៩គ្រាប់ផងដែរ។
បន្ថែមលើនេះ តារាសក់វែង Pirlo ក៏ជាសមាជិកដែលបានជួយក្រុមជម្រើសជាតិអាសូរីអ៉ីតាលី ឈ្នះជើងឯក FIFA World Cup 2006 ផងដែរ ពីការចូលលេងបាន ១១៦ប្រកួតឲ្យអ៉ីតាលីទៀតផង មុនពេលចូលនិវត្តន៍ពីអាជីពលើវាល ស្មៅនេះក្នុងឆ្នាំ២០១៧។
Pirlo បានចំណាយពេល ២រដូវកាលលេងឲ្យក្លិប New York City FC ដែលស្ថិតក្នុងក្របខណ្ឌលីគកំពូលអាមេរិក Major League Soccer ភ្លាមៗ ក្រោយចាកចេញពីប្រទេសអ៉ីតាលីកាលឆ្នាំ២០១៥ ដោយធ្លាប់ឈ្នះពានលីគ និង UEFA Champions League ជាមួយក្លិបក្នុងស្រុក AC Milan និង Juventus ផងដែរ៕