(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា និងគូប្រជែង ៣ក្រុមផ្សេងទៀតនឹងត្រូវបញ្ចប់ការប្រកួតពូល G នៃពានរង្វាន់ AFC Cup 2020 នៅទឹកដីកណ្ដាល នាប្រទេសវៀតណាម បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ផ្ដល់សិទ្ធិឲ្យវៀតណាម ធ្វើជាម្ចាស់ផ្ទះការប្រកួតជម្រុះប្រចាំតំបន់អាស៊ានចំនួន ២ពូល គឺពូល F និងពូល G។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ AFC កាលពីម្សិលមិញ ការប្រកួតសេសសល់ នៃពូលទាំងពីរខាងលើនឹងត្រូវប្រកួតរយៈពេល ៣ថ្ងៃ ពោលគឺនៅថ្ងៃទី២៣, ២៦ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ ដោយពូល F នឹងប្រកួតនៅកីឡដ្ឋាន Thong Nhat នាទីក្រុងហូជីមិញ និងពូល G ប្រកួតនៅកីឡដ្ឋាន Cam Pha នៅខេត្ត Quang Ninh។
ចំពោះក្រុមព្រះខ័នរាជស្វាយរៀង មុនការប្រកួតត្រូវផ្អាកបណ្ដោះអាសន្ន ដោយសារវិបត្តិកូវីដ-១៩ ពួកគេបានបញ្ចប់ការប្រកួតជើងទី១ ចំនួន ៣ប្រកួតរួចហើយ រួមមានចាញ់ម្ចាស់ផ្ទះហ្វីលីពីន Ceres-Negros ៤-០, ឈ្នះក្រុមភ្ញៀវឥណ្ឌូនេស៊ី Bali United ២-១ និងចាញ់ក្រុមភ្ញៀវៀតណាម Than Quang Ninh ដោយលទ្ធផល ៤-១ កាលពីដើមឆ្នាំ២០២០។
រីឯ ៣ប្រកួតចុងក្រោយ ដែលក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង ត្រូវបញ្ចប់ការប្រកួតនៅទឹកដីកណ្ដាល នាប្រទេសវៀតណាម រួមមានថ្ងៃទី២៣ ខែកញ្ញា ជួបក្រុម Than Quang Ninh បន្ទាប់មកជួបក្រុម Ceres-Negros នាថ្ងៃទី២៦ ខែកញ្ញា និងចុងក្រោយជួបក្រុម Bali United នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដោយប្រើប្រាស់កីឡដ្ឋាន Cam Pha តែមួយគត់។
ដោយឡែកពូល F ដែលត្រូវបញ្ចប់ការប្រកួតនៅវៀតណាម ជាទឹកដីកណ្ដាលដូចគ្នា បេក្ខភាពប្រកួតប្រជែង ៤ក្រុម រួមមានក្រុម Ho Chi Minh City របស់វៀតណាម, ក្រុម Yagon United របស់មីយ៉ាន់ម៉ា, ក្រុម Hougang United របស់សិង្ហបុរី និងក្រុម Lao Toyota របស់ឡាវ៕