(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៤ ឆ្នាំ២០២០ បានបញ្ចប់ពិធីចាប់គូប្រកួតវគ្គ ១៦ក្រុមចុងក្រោយហើយ ស្របពេលការប្រកួតជើងទី១ នឹងចាប់ផ្ដើមនាថ្ងៃទី១២-១៣ ខែសីហាខាងមុខ។
ជាលទ្ធផលនៃការចាប់គូប្រកួត រួមមានក្រុមណាហ្គាវើលដ៏ ជួបក្រុមអគ្គិសនីកម្ពុជា, ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមសូលទីឡូអង្គរ, ក្រុមភ្នំពេញក្រោន ប៉ះក្រុមអាស៊ីអឺរ៉ុប, ក្រុមគិរីវង់សុខសែនជ័យ ប៉ះក្រុមនគរបាលជាតិ, ខេត្តត្បូងឃ្មុំ ប៉ះក្រុមវិសាខា, ខេត្តសៀមរាប ប៉ះក្រុមបឹងកេត, ក្រុមកងយោធពលខេមរភូមិន្ទ ប៉ះខេត្តកែប និងក្រុមអង្គរថាយហ្គឺរ ជួបក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំ២០២០ គឺខេត្តព្រៃវែង។
លោក រុន វិទូ អ្នកគ្រប់គ្រងការប្រកួតនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នឹងធ្វើឡើង ២ជើង ដោយក្រុមនីមួយៗ ត្រូវប្រកួតផ្លាស់ប្ដូរទឹកដីគ្នា ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គបន្ដ ក្នុងនោះជើងទី១ នឹងប្រកួតនាថ្ងៃទី១២-១៣ ខែសីហា និងជើងទី២ ប្រកួតនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២០៕