(ភ្នំពេញ)៖ យុវសិស្ស ធុច សាលិ ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសចិន រហូតដល់ចប់ថ្នាក់សាកលវិទ្យាល័យ ត្រូវបានក្រុមហ៊ុន FUN Entertainment ជ្រើសរើសឲ្យក្លាយជាយុវជនសុឆន្ទៈនៅកម្ពុជា ក្នុងគោលបំណង រួមចំណែកចែករំលែកវប្បធម៌រវាងប្រទេសទាំងពីរ គឺចិននិងកម្ពុជា តាមរយៈសកម្មភាពនានា អំឡុងពេលសិក្សានៅក្នុងប្រទេសចិន។
កញ្ញា សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន FUN Entertainment បានថ្លែងប្រាប់ឲ្យដឹងថា នៅថ្ងៃនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីសីទសារព័ត៌មាន បង្ហាញជាផ្លូវការរបស់យុវសិស្ស ធុច សាលិ ដែលបានក្លាយទៅជាយុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែកចែករំលែកវប្បធម៌កម្ពុជា-ចិន តាមរយៈក្រុមហ៊ុន FUN ដើម្បីឲ្យសាធារណជនបានដឹង និងជ្រាបជាព័ត៌មានពីគោលបំណង ធ្វើឲ្យក្រុមហ៊ុនជ្រើសរើសយកយុវសិស្ស ធុច សាលិ ធ្វើជាទូតសុឆន្ទៈនៅថ្ងៃនេះ។
តំណាងដដែលបានបន្តថា ការប្រកាសឲ្យដឹងពីទូតសុឆន្ទៈនេះ គឺក្នុងគោលបំណងសំខាន់ៗ៤ រួមមាន៖
ទី១, លើកទឹកចិត្តដល់ យុវសិស្ស ធុច សាលិ ដែលទទួលបានអាហារូបករណ៍ទៅសិក្សារនៅប្រទេសចិន រហូតដល់ចប់ថ្នាក់សាកលវិទ្យាល័យ ក្នុងគោលបំណងលើកកម្ពស់ និងគាំទ្រគ្រប់សកម្មភាព ដែលទាក់ទងនឹងវិស័យអប់រំ។
ទី២, ចែករំលែក និងលើកស្ទួយសិល្បៈ វប្បធម៌ អរិយធម៌ របស់កម្ពុជាតាមរយៈសកម្មភាពផ្សេងៗរបស់យុវសិស្ស ធុច សាលិ ក្នុងអំឡុងពេលសិក្សានៅប្រទេសចិន។
ទី៣, រួមចំណែកផ្សព្វផ្សាយ វិស័យទេសចរណ៍ជាតិកម្ពុជាទៅកាន់ប្រទេសចិន និងអន្តរជាតិ ឲ្យកាន់តែមានភាពទូលំទូលាយ តាមរយៈវីដេអូខ្លីៗ ដោយមានការចូលរួមផលិតពី ក្រុមហ៊ុន FUN និងការសហការពីយុវសិស្ស ធុច សាលិ។
ទី៤, ជាចំណែកមួយ ក្នុងការចូលរួមសកម្មភាពសប្បុរសធម៌ផ្សេងៗនៅកម្ពុជា ដែលគាំទ្រដោយក្រុមហ៊ុនហ្វាន់។
សូមបញ្ជាក់ថា ក្រុមហ៊ុន FUN Entertainment ត្រូវបានបង្កើតឡើងនាដើមឆ្នាំ ២០២០នេះ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានទេពកោសល្យ និងក្តីស្រមៃក្លាយខ្លួនជាអ្នកសិល្បៈ និងជាបុគ្គលដែលមានជំនាញ និងទេពកោសល្យច្បាស់លាស់ ដើម្បីទទួលបាននូវឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួន និងរួមចំណែកក្នុងការផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ រួមទាំងវិស័យទេសចរណ៍ជាតិ ឲ្យកាន់តែរីកសុះសាយ ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕