(ហុងកុង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលកំពុងល្បីឈ្មោះ ByteDance (TikTok) គ្រោងចូលផ្សារហ៊ុនសៀងហៃ និងហុងកុង ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០។

ប្រភពជិតស្និទ្ធបានឲ្យដឹងថា ក្រុមហ៊ុន ByteDance កំពុងតែពិភាក្សាជាមួយខាងធនាគារ និងក្រុមហ៊ុនជំនាញដើម្បីកំណត់តម្លៃហ៊ុន មុនដាក់ចូលទីផ្សារហ៊ុនហុងកុង និងសៀងហៃ ហើយត្រៀមដាក់ TikTok ចូលផ្សារហ៊ុនបរទេសផងដែរ។

កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន ByteDance រកចំណូលបានខ្ទង់ ១៩ពាន់លានដុល្លារ ហើយបើតាមការវិភាគ តម្លៃហ៊ុនទាំងមូលរបស់ ByteDance បានប្រមាណ ១០០ពាន់លានដុល្លារ ទាំងផ្សារហ៊ុនហុងកុង និងសៀងហៃ។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកវិនិយោគបានស្នើទិញ TikTok ក្នុងតម្លៃ ៥០ពាន់លានដុល្លារពីក្រុមហ៊ុនចិន ខណៈដែលកំពុងប្រឈមនឹងការហាមឃាត់នៅប្រទេសលោកខាងលិច៕