(ភ្នំពេញ)៖ ឌីជេ តាប៊ុយ ដែលគ្រប់គ្នាស្គាល់ថា ជាផលិតករកម្មវិធី «ពេញចិត្តឬអត់?» របស់ទូរទស្សន៍ MYTV បានចេញមុខសុំទោសជាសាធារណៈ តាមរយៈការបង្ហោះសារលើបណ្តាញសង្គម បន្ទាប់ពីមានការប្រតិកម្មពីមហាជន ក៏ដូចជាមន្ត្រីក្រសួងព័តមាន ទៅលើការប្រើពាក្យពេចន៍មិនសមរម្យ ប៉ះពាល់ដល់កិត្តិយសស្ថានីយទូរទស្សន៍ជាតិ (ទទក)។

តាមរយៈបណ្តាញសង្គម លោក តាប៊ុយ បានសរសេរសារ ទទួលស្គាល់កំហុសយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជាពិធីករក៏ដូចជាផលិតករ នៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើច ដែលប៉ះពាល់ដល់ទូរទស្សន៍ជាតិកម្ពុជា ហើយសង្ឃឹមថាបងៗ នឹងអភ័យទោស សម្រាប់កំហុសឆ្គងដែលកើតឡើងដោយអចេតនានេះ។ ជាចុងក្រោយម្តងទៀតចង់និយាយថាស្រលាញ់ និង គោរពរៀមច្បង ជាពិសេសពេញចិត្តនឹងទឹកដមសំឡេងរបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ»។

ជាការកត់សម្គាល់ ការទទួលស្គាល់កំហុសពីសំណាក់ ឌីជេ តាប៊ុយ នៅពេលនេះ គឺបន្ទាប់ពី អនុរដ្ឋលេខាធិកា ក្រសួងព័ត៌មាន លោក សាម៉ន បណ្ឌិត្យ បានស្នើដល់ តាប៊ុយ និងកញ្ញា Jimmy ឲ្យធ្វើការសុំទោសជាសាធារណៈចំពោះពាក្យសម្តី ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ គឺស្ថានីយទូរទស្សន៍ ទទក។

ទន្ទឹមគ្នានេះ លោក សាម៉ន បណ្ឌិត្យ បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ថា ពិធីករ-ពិធីការិនី របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ជាអ្នកមានក្រមសីលធម៌ល្អ ក្នុងការនិយាយ មានការអធិប្បាយត្រឹមត្រូវ សុភាពរាបសារ ទន់ភ្លន់ ស័ក្តិសមជាស្ថាប័នរបស់ជាតិ របស់រដ្ឋពិតប្រាកដ ក្នុងនោះសូម្បីតែពាក្យកំប្លុកកំប្លែង គឺស្ទើរតែគ្មានសោះតែម្តង ព្រោះស្ថាប័នជាតិ មិនអាចលេងសើចនៅលើកញ្ចក់ទូរទស្សន៍ ដែលផ្សាយជាសាធារណៈបែបនេះ ឡើយ។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិកា ក៏បានស្នើទៅដល់ តាប៊ុយ និងកញ្ញា Jimmy ឲ្យធ្វើការសុំទោសជាសាធារណៈ ក្នុងលក្ខណៈជាការ Live វីដេអូ ឬជាលិខិត លាយល័ក្ខ អក្សរណាមួយ ដើម្បីកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត ចំពោះពាក្យសំដីរបស់ខ្លួន ទៅលើស្ថាប័នជាតិដ៏ធំមួយនេះ។

យ៉ាងណាមិញ ចំពោះសាររបស់ ឌីជេ តាប៊ុយ ដែលបានលើកឡើងខាងលើ គឺជាការបង្ហាញពីចេតនាមួយ ទទួលស្គាល់កំហុស ក៏ដូចជាសុំអធ្យាស្រ័យពីរៀមច្បងដែលបម្រើការងារនៅទទក ចំពោះកំហុសដោយអចេតនារបស់ខ្លួន៕