(ភ្នំពេញ)៖ ពិតជារន្ធត់ចិត្តជាខ្លាំង ម្តាយបង្កើតរបស់តារាសម្តែង ទឹម រដ្ឋា, ទឹម វត្តី និង ទឹម នីអូ បានទទួលមរណភាព ធ្វើឲ្យមានការភ្ញាក់ផ្អើល ស្ទើរនឹកស្មានមិនដល់ ដល់បណ្តាអ្នកសិល្បៈ និងសាច់ញាតិជិតឆ្ងាយ ព្រោះមិននឹកស្មានថា ម្តាយបង្កើតតារាសម្តែង ទឹម រដ្ឋា ដែលធ្លាប់តែលេងសើចសប្បាយជាមួយកូនៗ ស្រស់ៗបែរជាគាំងបេះដូងរហូតដល់ថ្នាក់ស្លាប់បែបនេះឡើយ។

បើតាមសារហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈករខ្មែរ ដែល Fresh News Plus ទទួលបាន បានរៀបរាប់ថា «ម្តាយប្អូនស្រី Tim Rotha បានទទួលមរណភាពហើយ បងសូមចូលរួមរំលែកទុក្ខផងអូន។ អូនពឹងបងអោយជួយចាត់ចែងពិធីបុណ្យ បងចង់ទៅជួយអូនណាស់ តែឆ្នាំនេះបងពិតជាពិបាកណាស់អូន»។

ម្តាយបង្កើតរបស់តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាព ដោយសារគាំងបេះដូង នៅវេលាម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

ដំណឹងទទួលមរណភាពរបស់ម្តាយតារាសម្តែង ទឹម រដ្ឋា នៅពេលនេះ គឺបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បណ្តាមិត្តសិល្បៈរួមអាជីព និងអ្នកគាំទ្ររបស់នាង។ ជាពិសេសអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ ដល់ក្រុមគ្រួសារ កញ្ញា ទឹម រដ្ឋា។

Fresh News Plus សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារតារាសម្តែង ទឹម រដ្ឋា និងសូមឲ្យវិញ្ញាណក្ខន្ធរបស់ម្តាយរបស់នាងបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕