(ប៉ារីស)៖ ក្រុមបាល់ទាត់ Paris St-Germain បានផ្តួល Lyon ដោយបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ French League Cup ឆ្នាំ២០២០ ដើម្បីដណ្តើមបានពានរង្វាន់ក្នុងស្រុកលើកទី៤ ក្នុងរយៈពេល ៦ឆ្នាំ ដោយមានអ្នកគាំទ្រប្រមាណ ៥០០នាក់ត្រូវបានអនុញ្ញាតឲ្យចូលទស្សនាផ្ទាល់ផងដែរ។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា ក្រុមទាំងពីរបានបញ្ចប់ត្រឹម ០-០ ក្នុងរយ:ពេល ១២០នាទីនៅកីឡដ្ឋានជាតិ Stade de France ក្នុងវគ្គដណ្តេីមពានលំដាប់ទី៣ របស់បារាំងនារដូវកាលនេះនៅរាត្រីថ្ងៃសុក្រ ទី៣១ ខែកក្កដា។

តែយ៉ាងណា បន្ទាប់ពីបាល់ប៉េណាល់ទី ១០គ្រាប់ដំបូងត្រូវបានស៊ុតបញ្ចូលទីអ្នកចាំទីរបស់ក្រុម PSG កីឡាករ Keylor Navas បានជួយសង្គ្រោះពី Bertrand Traore មុនពេល Pablo Sarabia រកបានគ្រាប់បាល់ទី៦ ដែលជាគ្រាប់ជ័យជម្នះតែម្តងក្នុងការប៉េណាល់ទីក្នុងជុំទី២។

វាគ្រាន់តែជាការប្រកួតក្នុងស្រុកលើកទី២ នៅប្រទេសបារាំងប៉ុណ្ណោះ ចាប់តាំងពីព្រឹត្តិការណ៍ Ligue 1 ត្រូវបានរំសាយចោល កាលពីខែមេសាដោយ PSG បានយកឈ្នះ Saint-Etienne ១-០ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងវគ្គផ្តាច់ព្រ័ត្រ French Cup។

យុទ្ធនាការ Ligue 1 រដូវកាលឆ្នាំ២០២០-២១ នឹងចាប់ផ្តើមមុនគេ នៅថ្ងៃទី២៣ ខែសីហា ដែលជាថ្ងៃតែមួយនៃវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League រដូវកាលនេះនៅប្រទេសព័រទុយហ្គាល់៕