(ភ្នំពេញ)៖ ខ្សែបម្រើស្នូលរបស់វិសាខា ២រូប គឺកីឡាករ ច្រឹង ពលរដ្ឋ និង Mustafa Zazai កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ក្នុងការប្រកួតដ៏ធំជាមួយក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ក្នុងសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា នៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ។ នេះបើតាមការលើកឡើងរបស់លោក Colum Curtis គ្រូបង្គោលវិសាខា។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបញ្ជាក់ថា «ច្រឹង ពលរដ្ឋ គាត់មានបញ្ហាថ្លោះជង្គង់ ពេលហ្វឹកហាត់កាលពីសប្ដាហ៍មុន ចឹងគាត់អត់បានលេងអាទិត្យមុន ហើយអាទិត្យនេះ គាត់ក៏អត់បានហ្វឹកហាត់ពេញដែរ ហើយក្រុមគ្រូពេទ្យ កំពុងយកចិត្តទុកដាក់តាមដានគាត់។ អញ្ចឹងយើងអត់ទាន់ច្បាស់សប្ដាហ៍នេះ គាត់ជាទាន់ពេល ឬអត់ទេ។ រីឯ Zazai គាត់មានបញ្ហាដូចគ្នាជាមួយរបួសចាស់ ប៉ុន្ដែឥឡូវគាត់រាងល្អប្រសើរជាងមុនហើយ តែយើងនៅតែតាមដានចំពោះការប្រកួតថ្ងៃអាទិត្យនេះ»

យ៉ាងណាមិញលោក Colum Curtis បានអះអាងថា វិសាខាហ្វឹកហាត់យ៉ាងខ្លាំងរយៈពេល ១សប្ដាហ៍ពេញ ដើម្បីត្រៀមការប្រកួតដ៏សំខាន់ ជាមួយក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នាថ្ងៃអាទិត្យនេះ ។ លោកថា «តាំងពីថ្ងៃច័ន្ទមក កីឡាកររបស់យើង បានធ្វើការហ្វឹកហាត់ខ្លាំង ហើយកៀកថ្ងៃប្រកួត យើងបានរៀបចំការហ្វឹកហាត់បច្ចេកទេស ហើយកីឡាករយើងមានល្បឿនខ្លាំងទៅៗ ជារួមសប្ដាហ៍នេះ ក្រុមយើងត្រៀមខ្លួនបានល្អ ដើម្បីជ័យជម្នះ»

បន្ថែមលើនេះ អតីតគ្រូជំនួយក្រុមជើងឯកឆ្នាំចាស់ខាងលើ ក៏បានសម្ដែងការសប្បាយចិត្ត និងចាត់ទុកជាការប្រកួតដ៏សំខាន់ ដែលលោកត្រូវដឹកនាំក្រុមវិសាខា តតាំងជាមួយក្រុមចាស់របស់ខ្លួន។ លោកបានចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាមួយដ៏ល្អនៅកម្ពុជា ជាក់ស្ដែងលោកបានតាមដានការប្រកួតពាន AFC Cup កន្លង ដែលពួកគេធ្វើបានល្អ ដោយសារការមានគ្រូល្អ និងកីឡាករល្អ។ តែយ៉ាងណាលោកនៅតែជឿជាក់លើកូនក្រុមខ្លួន នឹងធ្វើបានល្អក្នុងការប្រកួតដ៏សំខាន់ស្អែកនេះ។

គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង និងវិសាខា ធ្លាប់ជួបគ្នា ៤ដងមកហើយ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះ២ ស្មើ១ និងចាញ់១។ ចំពោះជំនួបដ៏កក្រើកថ្ងៃស្អែក នឹងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង។ ការប្រកួតនេះ អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំអ៊ុតយ៉ាងអន្ទះសារ ដ្បិតជាក្រុមខ្លាំង ប៉ះខ្លាំង ពិសេសត្រូវការឈ្នះរៀងៗខ្លួន ដើម្បីរក្សាឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០។ បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ២២ពិន្ទុ ឯវិសាខា ឈរលេខរៀងទី៣ និងមាន ១៩ពិន្ទុក្នុងដៃ៕