(បរទេស)៖ បិតាស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs មានឈ្មោះពេញ Steven Paul Jobs បានកើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៨៥៥ ដោយមានឪពុកបង្កើតឈ្មោះ Abdulfattah Jandali និងម្ដាយបង្កើតឈ្មោះ Joanne Schieble ព្រមទាំងមានឪពុកចិញ្ចឹមឈ្មោះ Paul Jobs និង ម្ដាយ ចិញ្ចឹមឈ្មោះ Clara Jobs ។
ពិតណាស់ស្នាដៃរបស់លោក Steve Jobs ត្រូវបានពិភពលោកកោតសរសើរយ៉ាងខ្លាំង ប៉ុន្តែបើសិនជាក្រឡែកទៅមើលប្រវត្តិរបស់លោកកាលពីទើប តែកើតភ្លាមនោះបានដឹងថា គាត់គឺជាមនុស្សកំសត់បំផុតនៅក្នុងលោក ព្រោះគាត់ត្រូវបានឪពុកម្ដាយបង្កើតរបស់ខ្លួនឯង បោះបង់ចោល ដោយទុកឱ្យអ្នកដទៃចិញ្ចឹមជំនួសទៅវិញ។
តើហេតុអ្វីបាន Steve Jobs ត្រូវបានឪពុកម្ដាយបង្កើតបោះបង់ចោលទាំងដែលនៅមានវ័យជាទារក?
នៅថ្ងៃនេះ Fresh News Plus នឹងលាតត្រដាងរឿងនេះជូនប្រិយមិត្តអ្នកអានទាំងអស់គ្នា៖
លោក Abdulfattah Jandali ដែលជាឪពុកបង្កើតរបស់លោក Steve Jobs គឺជាអ្នកកាន់សាសនាម៉ូស្លីម ចំណែកលោកស្រី Joanne Schieble ជាម្ដាយបង្កើតរបស់លោក Steve Jobs គឺជាអ្នកកាន់សាសនាកាតូលិក ហើយគ្រួសាររបស់លោកស្រីផ្ទាល់គឺជាអ្នកមានវិន័យតឹងរឹងបំផុត ជាពិសេសគឺពួកគេមានច្បាប់ហាមមានកូនជាមួយបុរសម៉ូស្លីម។
ដោយសារតែសម្ពាធ និងវិន័យទាំងនេះ ទើបធ្វើឱ្យលោក លោក Abdulfattah Jandali និងលោកស្រី Joanne Schieble សម្រេចចិត្តយក Steve Jobs ទៅផ្ញើនឹងលោក Paul Jobs និងលោកស្រី Clara Jobs ដើម្បីចិញ្ចឹមជំនួស។ រឿងរ៉ាវនេះត្រូវបានលាក់មិនឱ្យ Steve Jobs ដឹងនោះទេ ប៉ុន្តែនៅក្នុងពេលដែលម្ដាយចិញ្ចឹមគាត់ស្លាប់ (លោកស្រី Clara Jobs) ទើបលោក Steve Jobs ចាប់ផ្ដើមសួរនាំពីជីវប្រវត្តិរបស់ខ្លួនឯង និងបានរកឃើញម្ដាយបង្កើត។
លោកស្រី Joanne Schieble មានអារម្មណ៍រំជើបរំជួលយ៉ាងខ្លាំង នៅពេលបានជួប Steve Jobs ជាលើកដំបូង ហើយលោកស្រីក៏៏បានសុំទោស Steve Jobs ដែលខ្លួនគាត់បានបោះបង់ឱ្យទៅអ្នកដទៃចិញ្ចឹមជំនួស។
គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងខែតុលា ឆ្នាំ២០០៣ លោក Steve Jobs បានទៅពិនិត្យតម្រង់នោម និងបានដឹងថា ខ្លួនគាត់មានជំងឺមហារីកហើយ គាត់ក៏ដឹងខ្លួនឯងថា រស់មិនបានយូរដែរ ដូច្នេះគាត់បានព្យាយាមធ្វើកិច្ចការជាច្រើនដែលគាត់ចង់ធ្វើ និងបានស្លាប់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១១ ហើយសាររបស់គាត់ចុងក្រោយមួយដែលធ្វើឱ្យ មនុស្សគ្រប់គ្នាមានអារម្មណ៍រំជើបរំជួលបំផុតនោះគឺ «ខ្ញុំមានអាជីពដែលមានសំណាងខ្លាំងណាស់ ហើយខ្ញុំក៏មានជីវិតដែលមានសំណាងខ្លាំងណាស់ដែរ។ ខ្ញុំមានសំណាងបំផុត ព្រោះថា ខ្ញុំបានធ្វើអ្វីៗទាំងអស់ដែលខ្ញុំអាចធ្វើបាន»៕