(ភ្នំពេញ)៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះស្ថានីយ៍ទូរទស្សន៍ BTV ដែលបានសហការជាមួយវិស័យឯកជនបង្កើតសង្វៀនថ្មីមួយឈ្មោះថា អ្នកប្រយុទ្ធគុនខ្មែរស្រាបៀរម៉ាទ្រីត តែលោកបានរំឭកថា មិនអនុញ្ញាតឲ្យមានអ្នកចូលរួមលើសពី ៤០នាក់ឡើយ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
កម្មវិធីប្រដាល់ថ្មីនេះបានសម្ពោធចាប់ផ្ដើមផ្លូវការនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ហើយមានកីឡាករជើងខ្លាំង ៤គូ បានចូលរួមប្រកួតលក្ខណៈមិត្តភាពជាតិ។ ប៉ុន្ដែលោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងកម្មវិធី បានអះអាងថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល ព្រឹត្តិការណ៍រៀងរាល់ព្រឹកថ្ងៃសៅរ៍នេះ មិនត្រឹមតែមានការប្រកួតមិត្តភាពជាតិនោះទេ តែក៏នឹងមានរៀបចំគូមិត្តភាពអន្ដរជាតិជាច្រើនផងដែរ។
ជាមួយការបើកទំព័រថ្មីនៃសង្វៀនអ្នកប្រយុទ្ធគុនខ្មែរខាងលើ ប្រធានសហព័ន្ធលោក តែម ម៉ឺន បានចាត់ទុកនេះជាការរួមចំណែកដ៏សំខាន់ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករកម្ពុជាគ្រប់កម្រិតបានបង្ហាញសមត្ថភាព និងពង្រឹងសមត្ថភាពឆ្ពោះទៅរកភាពរីកចម្រើន និងការប្រកួតអន្ដរជាតិនានា ពិសេសគឺរួមចំណែកអភិវឌ្ឍនធនធានកីឡាករ ដើម្បីសម្រិតសម្រាំងអ្នកសមត្ថភាព និងទេពកោសល្យ ត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
យ៉ាងណាមិញក្នុងកាលៈទេសៈ ស្ថានភាពជំងឺកូវីដ-១៩ នៅតែគំរាមកំហែងពិភពលោក ទោះកម្ពុជាគ្រប់គ្រងមិនទាន់កើតមានការរីករាលដាលក្នុងសហគមន៍ក្ដី តែលោកបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសគ្រប់សង្វៀនប្រដាល់ ត្រូវបន្ដរៀបចំលក្ខណៈបិទទ្វារ តាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ហើយមន្ដ្រីបច្ចេកទេស និងកីឡាករចូលរួម មិនត្រូវពី ៤០នាក់ឡើយ ដើម្បីធានាបាននូវសុវត្ថិភាព និងការពារជំងឺដ៏កាចសាហាវនេះ។
លោក តែម ម៉ឺន បានបញ្ជាក់ថា «ចំពោះមុខស្ថានភាពជំងឺកូវីដ-១៩ ដែលមិនទាន់ធូរស្រាលនាពេលបច្ចុប្បន្ន សូមរក្សាចំនួនអ្នកចូលរួមមិនឲ្យលើសពី ៤០នាក់ដាច់ខាត រួមមានមន្ដ្រីបច្ចេកទេស និងកីឡាករ ហើយត្រូវរក្សាគម្លាតសុវត្ថិភាព ពិសេសអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក ក៏ដូចជាអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានដាច់ខាត ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩»។
ក្រឡេកមកចាប់អារម្មណ៍លទ្ធផល ៤ប្រកួតបើកឆាកសង្វៀនថ្មីខាងលើ រួមមានកីឡាករ រិន ដេវីត វាយឈ្នះកីឡាករ ពេជ្រ ប៊ុនសិទ្ធ ដោយពិន្ទុ ។ កីឡាករ ប៊ុន សុធា វាយឈ្នះកីឡាករ ឯម សុធី ដោយពិន្ទុ។ កីឡាករ ម៉ិល សារុន វាយឈ្នះកីឡាករ សូត្រ សាណូ ដោយពិន្ទុ និងគូឯកកីឡាករ ថៃ រិទ្ធី ផ្ដួលកីឡាករ ឈឿង ល្វែ ឲ្យសន្លប់ធំនៅចុងទឹកទី២៕