(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០០៣ ក្នុងវ័យ១៨ឆ្នាំលោក ខេមរៈ សិរីមន្ត ក្លាយជាតារាចម្រៀង «Pop» មានឈ្មោះល្បីក្នុងប្រទេស តែជីវិតឯកជនរបស់លោកកន្លងមកហាក់មានការលាក់លៀមច្រើន ដូចជារឿងលោកមានប្រពន្ធមានកូនហើយ តែមិនបង្ហាញឲ្យនរណាដឹងលាក់រឿងប្អូនស្រីលោកមានជម្ងឺ ថែមពីលើនេះអ្នកគាំទ្រលោកពិតជាចង់ដឹងថា ជីវិត​តារាចម្រៀង Pop រូបនេះនៅមានអ្វីលាក់បាំងទៀត? ដូចជាទំលាប់ប្រចាំថ្ងៃ​ការងារជំនួញ ទ្រព្យសម្បត្តិមានអ្វីខ្លះជាដើម?

មិនខុសពីតារាល្បីៗមុនៗឡើយ Fresh News Plus តែងតែខំទំនាក់ទំនងទៅម្ចាស់ខ្លួនផ្ទាល់ (តារាផ្ទាល់) នេះក៏ព្រោះតែចង់បានព័ត៌មានច្បាស់លាស់និងតម្លាភាព ចង់បំបាត់ការបំប៉ោងព័ត៌មានពីការពិត​​។

Fresh News Plus នៅតែខិតខំស្វែងរកប្រភពព័ត៌ច្បាស់ការនិងត្រឹមត្រូវមកជំរាបជូនអ្នកគាំទ្រ Fresh News Plus និងអ្នកគាំទ្រតារារូបនោះក្នុងន័យវិជ្ជមាន។ ខាងក្រោមនេះជាការស្រាវជ្រាវពីប្រភពផ្សេងៗគ្នាដែលបានដឹង ដូចជាអ្នកស្រុកជាមួយ អ្នករួមការងារសិល្បៈ ពីប្រវិត្តពិស្តាររបស់លោក ខេមរៈ សិរីមន្ត មកជូនដូចខាងក្រោម៖

* អំពីប្រវត្តិសង្ខេប អំពីជីវិតគ្រួសារ និងការសិក្សា

លោក ខេមរៈ សិរីមន្ត ជាតារាចម្រៀង «Pop» ដែលមានប្រជាប្រិយភាពក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ខេមរៈ សិរីមន្ត ( Khemarak Sereymun) កើតនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៨៥ មានឈ្មោះកំណើត ខេម ប៊ុនថៃ (Khem Bunthai) ក្នុងគ្រួសារកសិករនៅខេត្តកំពង់ចាម។ មានឪពុកឈ្មោះ ថា ស៊ីថុន ​និងម្តាយឈ្មោះ សំ រាប​​​​​​​។ មានបងប្អូន៦នាក់ ប្អូនស្រីពៅឈ្មោះ ខេមរៈ ស្រីពៅ ជាអ្នកចម្រៀង(ស្លាប់)។ បងប្រុសឈ្មោះ ខេមរៈ ភារុណ​ ជាអ្នកនិពន្ធទំនប់ច្រៀង។ ប្រពន្ធឈ្មោះ ផល្លី ជាម្ចាស់ផលិតផលទឹកអប់ Or Brand នាំចូលពីប្រទេសបារាំង។ មានកូន៣នាក់ប្រុសម្នាក់ស្រី២នាក់។ កូនប្រុសបងឈ្មោះ ខេមរៈ មន្តស្នេហ៍ កើតក្នុងឆ្នាំ២០១៣ កូនស្រីទី១ឈ្មោះ ខេមរៈ ស្ត្រី កើតក្នុងឆ្នាំ២០១៦។ កូនស្រីទី៣ឈ្មោះ ខេមរៈ មន្តរាជនី កើតក្នុងឆ្នាំ២០១៨។

ចំពោះការសិក្សាវិញ តាមបទចម្រៀងមួយបទដែលមានចំណងជើងថា «សិស្សរៀនក្រៅថ្នាក់» ដែលគេដឹងថាជាប្រវិត្តពិតនៃជីវិតការសិក្សារបស់លោកផ្ទាល់នោះ បញ្ជាក់ថាលោកមិនបានបញ្ចាប់ថ្នាក់ មធ្យមសិក្សាទុតិយភូមិទេ បានន័យថាលោកមិនបានប្រឡងបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទេនាឆ្នាំ២០០៦។

*​ អំពីស្នាដៃក្នុងវិស័យសិល្បៈ

នៅឆ្នាំ១៩៩៩ លោក ខេមរៈ សិរីមន្ត បានចូលប្រឡងចម្រៀងប្រចាំឆ្នាំផលិតផល «នេសស្លេ» (Nestle-Cambodia) ក្នុងទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ ហើយពេលនោះលោកទទួលបានជយលាភីលេខ១។ នៅឆ្នាំបន្តបន្ទាប់មក លោក ខេមរៈ សិរីមន្ត តែងស្វែងរកកន្លែងច្រៀង ព្រោះថា​​ចម្រៀងជាចំណង់ចំណូលចិត្ត និងមាននិស័្សយតាំងពីកំណើត។ លុះដល់ឆ្នាំ២០០៣ លោក ខេមរៈ សិរីមន្ត ត្រូវបានម្ចាស់ផលិតកម្ម «U2»ជ្រើសរើសលោក ឲ្យច្រៀងនៅក្នុងផលិតកម្ម U2 តែម្តង។ ហើយបទដំបូងដែលអង្រួនផលិតកម្ម U2 នាពេលនោះគឺបទ«បេះដូងអ្នកប្រដាល់» «អន្ទោងស្នេហ៍» បទនេះទទួលបានការគាំទ្រច្រើន និងមានមនុស្សជាច្រើនផ្ដើមស្គាល់លោក ខេមរៈ សិរីមន្ត និងបទបន្ទាប់មកទៀតគឺបទ «ព្រមទាំងអាល័យ» បទ «ព្រលិតបាតបឹង» សុទ្ធតែជាបទទទួលការគាំទ្រខ្លាំងនាពេលនោះ។ ដោយសារសន្ទុះនៃការគាំទ្រខ្លាំងបានធ្វើអោយមា្ចស់ផលិតកម្ម ​​«U2» ចេញអាល់ប៊ុមថ្មីៗជាបន្តបន្ទាប់ដូចជាបទ​ «សូមអូនអាសូរ» «សាលាចាំស្នេហ៍»​ «សិស្សរៀនក្រៅថ្នាក់» ។ល។

ក្នុងឆ្នាំ២០០៧ ក្រោយពីផលិតកម្ម U2 បានប្រកាសបិទទ្វា ខេមរៈ សិរីមន្ត ក៏បានចាកចេញពីផលិតកម្ម U2 មកចុះកុងត្រាថ្មីជាមួយផលិតកម្មសាន់ដេ (Sunday Production) ក្នុងផលិតកម្មសាន់ដេលោក ខេមរៈ សិរីមន្ត មានបទចម្រៀងទទួលបានអ្នកគាំទ្រជាច្រើន ហើយបទចម្រៀងទាំងនោះមានដូចជា «ទុកឪកាសឲ្យបងខ្លះបានទេ» «ទៅដណ្តឹងកូនគេ» «បេះដូងអាប់សែ» ​«ទ្រាំរស់ព្រោះចាំមើលអូន»។ល។ ត្រូវបានរីកដុះដាល ដែលធ្វើឲ្យលោកមានភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះ។

បន្ទាប់មកនៅឆ្នាំ២០១៧លោក ខេមរៈ សិរីមន្ត ក៏បានចាកចេញពីផលិតកម្មសាន់ដេ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ហើយលោកបានបន្តទៅទ្រនំថ្មីគឺផលិតកម្មរស្មីហង្សមាស (Raksmey Hang Meas Production) ដែលជាក្រុមហ៊ុនចម្រៀងនាំមុខគេនៅកម្ពុជា។ ក្នុងផលិតកម្មដ៏ប្រកួតប្រជែកនេះលោក ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងជាច្រើនបទបានធ្វើឲ្យទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រដូចជាបទ «ស្ទឹងត្រែងបងអើយ»​«អស់សិទ្ធិថែតែនៅតែបារម្ភ» «ក្បាច់ពស់» «ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ» «Sorry មួយលានដង» ដែលបទទាំងអស់នេះជាការតែងនិពន្ធរបស់លោក ខេមរៈ ភារុណ​ ជាបងប្រុសរបស់លោកផ្ទាល់។

នៅផលិតកម្មរស្មីហង្សមាសនៅឆ្នាំ២០១៩ ភាពល្បីល្បាញរបស់លោក ខេមរៈ សិរីមន្ត បានធ្វើឲ្យលោកក្លាយជាគណៈកម្មាធិការវាយតម្លៃ «Jugde Audition» ក្នុងកម្មវិធី «X Factor Cambodia Season1( 2019)»

* អំពីជីវិតស្នេហា

ចំពោះរឿងស្នេហា លោក ខេមរៈ សិរីមន្ត ហាក់បីមានការលាក់លៀមនិងអាថ៌កំបាំងនាកន្លងមក ទោះលោកជាតារាល្បីប្រចាំលំដាប់ប្រទេស ដែលអ្នកគាំទ្រតែងចង់ដឹងពីចំណុចនេះ។ គួរបញ្ជាក់ដែរថានៅដើមឆ្នាំ២០១៦ តារាចម្រៀង ខេរៈ សិរីមន្ត ត្រូវបានគេទម្លាយរឿងមានប្រពន្ធនិងកូន២នាក់ រួមទាំងរូបថតដែលពិបាកនឹងប្រកែកបាន។ រហូតដល់ខែមេសាក្នុងឆ្នាំដដែលទើបលោកសម្រេចចិត្តទទួលស្គាល់ថាជារឿងពិត។ ភរិយាតារាចម្រៀង ខេមរៈ សិរីមន្ត មានឈ្មោះ ផល្លី មានវ័យជាង៣០ឆ្នាំ គឺមានស្រុកកំណើតក្នុងខេត្តកំពង់ចាមដូចលោក ខេមរៈ សិរីមន្ត ដែរ។ អ្នកទាំងពីរបានរៀបការជាច្រើនឆ្នាំមកហើយ ថែមទាំងមានសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាទៀត។ នាគ្រានោះលោក ខេមរៈ សិរីមន្ត ទើបមានកូន២នាក់ កូនប្រុសឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីឈ្មោះ ខេមរៈ ស្ត្រី។ បច្ចុប្បន្នលោក ខេមរៈ សិរីមន្ត មានកូន៣នាក់គឺកូនស្រីពៅម្នាក់ទៀត ​ឈ្មោះ ខេមរៈ រាជនី កើតក្នុងឆ្នាំ២០១៨។

ក្រោយពីលែងលាក់លៀមរឿងមានប្រពន្ធកូន ខេមរៈ សិរីមន្ត បច្ចុប្បន្នតែងតែបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយក្រុមគ្រួសារ។ ជារឿយៗលោក ខេមរៈ សិរីមន្ត បានចេញសារនៅលើទំព័រហ្វេសប៊ុកខ្លួន ឆ្លើយតបទៅភរិយាយ៉ាងផ្អែមល្ហែម។

* អំពីរឿងគ្រោះថ្នាក់ដ៏រន្ធត់ និងរឿងដែលលេចធ្លាយក្នុងសារព័ត៌មាន

ក្នុងជីវិតដ៏ល្បីល្បាញលោក ខេមរៈ សិរីមន្ដ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ៤ និងក្រុមការងារលោកឆ្ពោះទៅគោលដៅកន្លែងច្រៀងក្រុងព្រះសីហនុ។ នៅក្នុងហេតុការណ៍នោះ លោក ខេមរៈ សិរីមន្ត មានអ្នករួមដំណើរជាមួយមនុស្ស៧នាក់ផ្សេងទៀតក្នុងរថយន្តម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ២N-៧៩៩៧។ មិនមានអ្នកណាម្នាក់អះអាងច្បាស់លាស់ពីហេតុការណ៍នោះទេ តែតាមការត្រួតពិនិត្យចំណុច ដែលកើតហេតុនោះ ប្រមាណ១០០ម៉ែត្រដែលគេសង្ស័យថា រថយន្តកុងតឺន័រ​រថយន្ត​ក្រុមហ៊ុន SK នោះមានបញ្ហាពេលចុះពីចំណោទ បានរេចង្កូតម្ដងឆ្វេងម្ដងស្ដាំធ្វើឱ្យកុងតឺន័រធ្លាក់ពីលើរថយន្ត ហើយក៏បានបុកជាមួយរថយន្តលោក ខេមរៈ សិរីមន្ត ដាច់ជញ្ជាំងខាងឆ្វេងបណ្តាលឲ្យមនុស្សក្នុងរថយន្តរបួស៤នាក់រួមទាំងលោក លោក ខេមរៈ សេរីមន្ត និងស្លាប់៥នាក់រួមមាន៖

១៖ ឈ្មោះរី សុផារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ដែលជាអង្គរក្ស និងជាអ្នកបើកបររថយន្ត លោក ខេមរៈ សេរីមន្ត ស្លាប់នៅនឹងចង្កូតរថយន្ត។

២៖ ឈ្មោះអ៊ា វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញជាកូនប្រុសអ្នកស្រី ណយ សំណាង ជាអ្នករាំ។
៣៖ ឈ្មោះសោម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញជាអ្នករាំ។
៤៖ ឈ្មោះ ជី វីរៈ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាកូនប្រុសរបស់លោក ជួង ជី ហៅនាយកុយ។
ចំណែកអ្នករបួសវិញមាន ១៖ លោក ខេមរៈ សិរីមន្ត, ២៖ ឈ្មោះ គួយ ផល្លី ភេទស្រី (ជាភរិយាលោក​ ខេមរៈ សិរីមន្ត ) ៣៖ ឈ្មោះគួយ ស្នេហ៍ ភេទស្រី ៤៖ ឈ្មោះ រី ភឿន ភេទស្រី។

ក្រោយពីព្រឹត្តិការណ៍ដ៏រន្ធត់នេះ​ក្រុមហ៊ុន SK បានយល់ព្រម​សងសំណង​ដោយក្នុងនោះ​សម្រាប់​លោក ​ខេមរៈ សិរីមន្ត​ ក្រុមហ៊ុនសង​៦ម៉ឺនដុល្លារ​ ចំណែកអ្នកស្លាប់​ម្នាក់ៗទទួល​បាន១ម៉ឺនដុល្លារ​ និង​អ្នករបួសម្នាក់ៗ​ទទួលបាន៣៥០០ដុល្លារ​ ហើយថាជនរងគ្រោះ​ទំាងអស់រួម​ទំាងលោក ​ខេមរៈ សិរីមន្ត បានយល់ព្រមទទួលយក​និង​បិទបញ្ចប់​សំណុំរឿង​នេះតែម្ដង។

ព្រឹត្តិការណ៍មួយទៀតក្នុង ឆ្នាំ២០១៦ ដែលយើងចាំមិនភ្លេចនោះគឺរឿងបែកធ្លាយ​រូបថតថា លោក ខេមរៈ សិរីមន្ដ មានភរិយានិងកូន២នាក់ដែលលោក​ខំលាក់បាំងជាយូរឆ្នាំមកហើយនោះ។ ព័ត៌មានទី២នេះមិនមានចម្លើយប្រាកដពីលោក ខេមរៈ សិរីមន្ដ ដែលថាហេតុអ្វីបានជាលោកព្យាយាមលាក់ព័ត៌មានមួយនេះនោះទេ។ រឿងទាំងពីរខាងលើនេះត្រូវបានអ្នកសារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាតហើយអ្នកគាំទ្រលោកចង់ដឹងគ្រប់គ្នា។

* អំពីប្រាក់ចំណូល​និងជំនួញក្រៅសិល្បៈ

ក្រៅពីសិល្បៈចម្រៀង​លោក ខេមរៈ សិរីមន្ដ មានជំនួញមួយដែលភរិយាលោកជាអ្នកគ្រប់គ្រងផ្ទាល់នោះគឺ ផលិតផលទឹកអប់ «Or Brand» ដែលនាំចូលពីប្រទេសបារាំងដោយផ្ទាល់ និងរូបលោកជាតំណាងឲ្យផលិតផលនេះផងដែរ។ ក្នុងឆ្នាំ២០២០នេះលោក ខេមរៈ សិរីមន្ដ ឈរជាតំណែងទូតសុឆន្ទៈឲ្យក្រុមហ៊ុនរថយន្ត​ MAZDA ដែលកំពុងពេញនិយមនៅកម្ពុជា។

ដោយឡែកចំពោះប្រាក់ចំណូលវិញការឈរជាតំណែងទូតសុឆន្ទ​ឲ្យក្រុមហ៊ុនរថយន្ត​ MAZDA លំដាប់អន្តរជាតិគឺមិនក្រោម១០ម៉ឺនដុល្លារ។ ចំពោះផលិតផលទឹកអប់ Or Brand វិញមានការចាប់អារម្មណ៍ខ្លាំងពីអ្នកនិយម។ ដោយការចេញច្រៀងតាមកម្មវិធីប្រគំតន្រ្តីគឺមានពី៤០០០ដុល្លារ ទៅ៥០០០ពាន់ដុល្លារតាមទីតាំងជិតឆ្ងាយ។ ការច្រៀងជាកិតិ្តយសក្នុងកម្មវិធីមង្គលការមាន៣០០០ដុល្លារ ទៅ៣៥០០ដុល្លារ។

* អំពីទ្រព្យសម្បត្តិ

កំពូលតារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត ត្រូវបានទស្សនិកជនដឹងថាបច្ចុប្បន្នកំពុងរស់នៅក្នុងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃម្តុំវត្តសំរោងអណ្តែត រាជធានីភ្នំពេញ ដែលមានតម្លៃមិនក្រោម៥០ម៉ឺនដុល្លារ។ ថ្មីៗកន្លងទៅលោកបានសង់ផ្ទះដ៏ធំ ជូនម្តាយឪពុកលោកនៅស្រុកកំណើត ដែរចំណាយមិនក្រោម១០ម៉ឺនដុល្លារតែផ្ទះមិនគិតពីដី។ លោកមានរថយន្តផ្ទាល់ខ្លួនប្រភេទ MAZDA ទំនើបដែលមានតំលៃជាង១០ម៉ឺនដុល្លារ។ ឯភរិយាលោកមានរថយន្តខ្លួនប្រភេទ MAZDA ទំនើបដែរ ហើយអាចមាន​អចលនទ្រព្យផ្សេងទៀត។

* អំពីទម្លាប់និងចំណង់ចំណូលចិត្ត

ជាទម្លាប់ លោក ខេមរៈ សិរីមន្ត ហាត់ប្រាណពេលព្រឹកនៅមណ្ឌលហាត់ប្រាណក្បែរផ្ទះរបស់លោកជិតវត្តសំរោងអណ្តែត និងហាត់រាំជាមួយក្រុមរាំនៅក្រុមហ៊ុនពេលមានបទថ្មី។​ លោកនិយមអាហាពេលព្រឹកនៅផ្ទះដែលចំអិនដោយភរិយាលោក អាហារពេលល្ងាចជាលក្ខណៈអាហាទ្រទ្រង់ការហាត់ប្រាណ ទទួលទានទឹកសុទ្ធមួយថ្ងៃលើស២លីត្រ។ លោក​ញាំស្រាវីស្គី និងស្រាក្រហមតិចតួចក្នុងកម្មវិធីផ្សេងៗ។ ម៉ូដសក់និងសម្លៀកបំពាក់និយមចេញម៉ូដដោយខ្លួនឯង និងមានជាងផ្ទាល់ខ្លូនដោយចាត់ចែងដោយជំនួយការលោកផ្ទាល់។ លោកតែងតែជូនកូនទៅរៀនដោយផ្ទាល់។ លោកនិយមលេង Facebook និងឧស្សាហ៍ឆ្លងឆ្លើយនូវពាក្យផ្អែមល្ហែមជាមួយភរិយាលោក៕