(ភ្នំពេញ)៖ ស្របតាមក្ដីស្រឡាញ់ និងបេសកកម្មក្នុងការជួយដល់ប្រជាជនកម្ពុជា ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវិនិយោគិនជាតិ និងអន្ដរ ជាតិ ឲ្យទទួលបាននូវគេហដ្ឋាន ក្នុងក្ដីស្រមៃជាមួយនឹងកម្រិតស្ដង់ដារ នៃការរស់នៅកាន់តែល្អប្រសើរ និងឱកាសចំណេញខ្ពស់ពីការវិនិយោគ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា (Prestige Homes Cambodia) និង Urban Village បានសហការរៀបចំពិធីជប់លៀងអបអរ ការបើកដំណើរការសាកល្បងអគារ Sky Prime Tower H ដែលជាអគារដ៏ខ្ពស់ស្កឹមស្កៃជាងគេបង្អស់ នៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងអមដោយទេសភាព នៃផ្ទៃទឹកខៀវស្រងាត់គួរជាទីគយគន់ នៃដងទន្លេបាសាក់ នាល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅសាលតាំងបង្ហាញនៃ Urban Village ក្នុង Factory Phnom Penh។ ភ្ញៀវកិត្ដិយស យ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងនេះ ដើម្បីចែករំលែកពេលវេលា ដ៏សប្បាយរីករាយជាមួយគ្នា ទស្សនាគម្រោងខុនដូដ៏ល្អប្រណិត និងទទួលបានសិទ្ធិក្នុងការក្លាយជាម្ចាស់ នៃខុនដូនេះ។
ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា គឺជាភ្នាក់ងារអចលនទ្រព្យ ដែលបានចុះបញ្ជី និងទទួលបានអាជ្ញាបណ្ណពីក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃកម្ពុជា ក្នុងការផ្ដល់ជូននូវដំណោះស្រាយ ជាទីពេញចិត្ដសម្រាប់គ្រប់តម្រូវការអចលនទ្រព្យទាំងអស់ ហើយក៏ជាដៃគូសហការ ដ៏សំខាន់របស់ Urban Village ដែលជាគម្រោងខុនដូដ៏មានកិត្យានុភាព និងជាម្ចាស់គ្រងពានរង្វាន់ ការអភិវឌ្ឍខុនដូល្អបំផុតនៅកម្ពុជា និងពានរង្វាន់ធំៗចំនួន៥ផ្សេងទៀតពី Property Guru។ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំង លើគម្រោងទី១ ពេលនេះ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា និង Urban Village កំពុងអបអរជោគជ័យជាថ្មីម្ដងទៀត នៅលើគម្រោងទី២ ដែលបានឈានដល់ការសាងសង់អគារខ្ពស់បំផុតចុងក្រោយ គឺ Sky Prime Tower H ដែលត្រូវបានប្រកាស ដាក់លក់នាពេលថ្មីៗនេះ។
តាមលក្ខណៈភូមិសាស្ត្រ អគារ Sky Prime Tower H មានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លឿនបំផុតមួយ នៃរាជធានីភ្នំពេញ ដែលហ៊ុព័ទ្ធដោយសាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ហាងទំនិញ អគារអាជីវកម្ម និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ អគារ Sky Prime Tower H ក៏ស្ថិតនៅជាប់នឹង Factory Phnom Penh ដែលជាសហគមន៍មួយ មានការរចនាយ៉ាងល្អប្រសើរ និងផ្ដល់នូវភាពសម្បូរបែប ដោយផ្ដោតសំខាន់លើ «ការរស់នៅ ការងារ និង ការកម្សាន្ដ»។ លក្ខណៈពិសេសទាំងអស់នេះ អនុញ្ញាតឲ្យអ្នកស្នាក់នៅក្នុងអគារ Sky Prime Tower H ទទួលបាននូវភាពរីករាយ នៃការរស់នៅយ៉ាងពិតប្រាកដ រាប់បញ្ចូលទាំងបរិក្ខារច្រើនប្រភេទ និងទេសភាពទីក្រុងដ៏ស្រស់បំព្រង ។
លោកស្រី Catherine CHAN អភិបាលប្រតិបត្ដិនៃ Urban Village បានបង្ហាញចំណាប់អារម្មណ៍ថា «ថ្ងៃនេះ គឺជាពេលវេលាដ៏រំភើបរីករាយមួយ ពីព្រោះយើងបានបន្ដបេសកកម្ម ក្នុងការផ្ដល់ជូននូវផ្ទះក្នុងក្ដីស្រមៃ ដល់អតិថិជនរបស់យើង។ គម្រោងទី១ គឺជាសមិទ្ធផលដ៏ធំធេង ហើយសម្រាប់គម្រោងទី២វិញ យើងក៏ទទួលបានជោគជ័យយ៉ាងឆាប់រហ័សដូចគ្នា ដោយសារតែការគាំទ្រ និងទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីដៃគូរបស់យើង ដូចជា ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា ជាដើម។ Urban Village តែងតែខិតខំសម្រេចឲ្យបានលើស ពីការរំពឹងទុករបស់អតិថិជន ពីព្រោះយើងជឿជាក់ថា មនុស្សគ្រប់រូបត្រូវការផ្ទះមួយ ដែលអាចផ្តល់នូវភាពកក់ក្តៅ និងផាសុកភាព រួមជាមួយនឹងបរិស្ថានដ៏បរិសុទ្ធ បរិក្ខារសម្បូរបែប កន្លែងធ្វើការដែលមានភាពច្នៃប្រឌិតខ្ពស់ ទីតាំងទស្សនាសិល្បៈច្រើនទម្រង់ និងកន្លែងកម្សាន្តផ្សេងៗ។ល។ យើងពិតជាមានមោទកភាព ពីព្រោះយើងអាចផ្ដល់នូវអ្វីៗទាំងអស់នេះជូនអតិថិជននៅក្នុងសហគមន៍ ដែលមានស្ដង់ដារនៃការរស់នៅល្អបំផុតរបស់យើង »។
ចាប់តាំងពីបើកដំណើរការក្រុមហ៊ុនមក ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានបង្កើតនូវភាពជាដៃគូល្អឥតខ្ចោះ ជាមួយ Urban Village ហើយអាចពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួនឲ្យកាន់តែធំឡើង ដោយសារវិជ្ជាជីវៈខ្ពស់ និងសេវាកម្មដ៏លេចធ្លោ។ កត្តាទាំងនេះ បាននាំឲ្យក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា ឈ្នះពានរង្វាន់ភ្នាក់ងារអចលនទ្រព្យល្អបំផុត នៅកម្ពុជាប្រចាំឆ្នាំ២០១៩ ក្នុងកម្មវិធី Squarefoot Best of the Best Award លើកទី ១០។ ទោះជាយ៉ាងនេះក្ដី សមិទ្ធផលមួយនេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃភាពជោគជ័យជាច្រើនទៀត ដោយសារក្រុមហ៊ុនយល់ច្បាស់អំពីតម្រូវការទីផ្សា រ និងមានការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបន្តឈានមុខគេ ក្នុងវិស័យអចលនទ្រព្យ។