(ភ្នំពេញ)៖ ភុល សុវណ្ណដានីន គឺជាតារាសម្តែងប្រុសមួយរូប បានប្រឡូកក្នុងវិស័យសិល្បៈជាង១៣ឆ្នាំមកហើយ។ ដោយរូបសង្ហា និងសមត្ថភាពផ្នែកសម្តែងបានល្អផងនោះ ធ្វើឲ្យលោកមានទីផ្សារជាបន្តបន្ទាប់ ទោះបីជាស្ថិតក្នុងសម័យកាលកូវីដក្តី។ ដោយទឹកមុខមានមន្តស្នេហ៍ ទាក់ចិត្តនារីទាំងពួងផងនោះ លោកត្រូវបានគេដាក់ងារឲ្យជា ព្រាននារីទីក្រុង។ តែយ៉ាងណាលោក ភុល សុវណ្ណដានីន បង្ហើបថា នេះគ្រាន់តែជាការហៅតៗគ្នាពីមហាជនប៉ុណ្ណោះ ខណៈជីវិតពិត គឺមិនដូច្នោះទេ ពោលលោកជាមនុស្សអភ័ព្វស្នេហ៍តែម្តង។
ពិតណាស់ តារាប្រុស ដែលមហាជនតែងតែនិយមហៅថា ព្រានទីក្រុង ឬព្រាននារី លោក ភុល សុវណ្ណដានីន ថ្មីៗនេះបានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News។ តាមរយៈឆ្លើយឆ្លងជាមួយពិធីករ-ពិធីការិនី ក្នុងកម្មវិធីរយៈពេល១ម៉ោងពេញ តារាប្រុសរូបនេះ ទម្លាយនូវប្រវត្តិផ្តាល់ខ្លួនជាច្រើន។ លោកបន្តថា តាំងពីប្រឡូកក្នុងសិល្បៈរហូតមកទល់នឹងពេលនេះ គឺមានភាពយន្តជាច្រើន ដែលលោកបានចូលរួមសម្តែង។ ដោយសារទឹកមុខបែបព្រាននារី ត្រូវបានផលិតករដាក់តួអង្គឲ្យសម្តែងភាគច្រើនសុទ្ធតែ ជាតួព្រាននារី តាមលួងលោមតួអង្គស្រី ឬតួប៉ូលិសជាដើម ខណៈលោកមានការងារជាមន្រ្តីប៉ូលិសស្រាប់។
លោក ភុល សុវណ្ណដានីន បាននិយាយថា គ្រប់គ្នាតែងតែហៅលោកជាព្រានទីក្រុង ឬព្រាននារី រាល់ពេលដែលជួបលោក គឺគេ ហៅពាក្យនេះ ដើម្បីស្វាគមន៍ រហូតបានជាប់ងារបែបនេះទៅហើយ។ យ៉ាងណាមិញ លោកចង់បញ្ជាក់ប្រាប់ទស្សនិកជនថា ការដែលទទួលបានងារ នេះ មិនមែនលោកជាមនុស្សបែបនេះទេ ពោលគឺគេហៅទៅតាមការសម្តែង ក្នុងភាពយន្តប៉ុណ្ណោះ។
លោកថា បើនៅក្រៅវិញ លោកមិនមែនជាព្រាននារីនោះទេ ពោលគឺជាមនុស្សម្នាក់ដែលអភ័ព្វស្នេហ៍ទៅវិញទេ។ ការលើកឡើង នេះ ដោយសារតែលោកធ្លាប់មានស្នេហា ម្តងជាពីរដង មិនសមប្រកប ចេះតែបែកបាក់គ្នា ខណៈបច្ចុប្បន្ន គឺ បេះដូងបានដាក់ចិត្តស្រឡាញ់នារីណាម្នាក់ ពោលកំពុងតែស្ថិតក្នុងការមើលចិត្តគ្នាទៅវិញទៅមក។
គួរជម្រាបថា លោក ភុល សុវណ្ណដានីន គឺជាតារាសម្តែងមួយរូប ទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ។ រាល់ការសម្តែងរបស់តារាប្រុសដួងនេះ គឺត្រូវបានផលិតករ និងជាទស្សនិកជនពេញចិត្តជាខ្លាំង ជាពិសេសនៅពេលដែលធ្វើជាតួកាច និងព្រាននារី សឹងតែធ្វើឲ្យទស្សនិកជនស្អប់ និងពេលសម្តែងជាតួស្លូត គឺធ្វើឲ្យទស្សនិកជនអាណិតស្ទើរហូរទឹកភ្នែកតាមក៏មាន។ បច្ចប្បន្នភាពយន្តដែលជាស្នាដៃលោកសម្តែង គឺមានចំណងជើងថា «មនុស្សទី៣» កំពុងចាក់ផ្សាយនៅទូរទស្សន៍ PNN ដែលជាតួអង្គព្រានទីក្រុង និងកំពុងថតរឿងអប់រំ ផងដែរ៕