(បរទេស)៖ ស្ថានីយទូរទស្សន៍របស់កូរ៉េខាងត្បូង MBC បានប្រកាសឲ្យដឹងថា ខ្លួនបាននឹងកំពុងធ្វើភាពយន្តឯកសារមួយ និយាយពីតារាចម្រៀងស្រីរបស់កូរ៉េខាងត្បូងឈ្មោះ Sulli ដែលបានស្លាប់ដោយជំងឺបាក់ទឹកចិត្ត កាលពីឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០។
តារាចម្រៀង និងជាតារាសម្តែងកូរ៉េខាងត្បូង Sulli ដែលមានឈ្មោះពិតថា Choi Jin-ri បានស្លាប់នៅពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដោយសារការធ្វើអត្តឃាត តាមរយៈការចងកសម្លាប់ខ្លួន ក្រោយមានមានជំងឺបាក់ទឹកចិត្ត។ តារាស្រីដួងនេះ បានស្លាប់ក្នុងវ័យ២៥ឆ្នាំ ខណៈការស្លាប់របស់នាង បានធ្វើឲ្យមហាជនតក់ស្លុតជាខ្លាំង រហូតជំរុញឲ្យសភាកូរ៉េខាងត្បូង ធ្វើសេចក្តីព្រាងច្បាប់មួយមានឈ្មោះថា «Sulli Law» សម្រាប់អនុវត្តឲ្យតឹងរឹងចំពោះជនណាដែលបញ្ចេញមតិអាក្រក់ៗក្នុងបណ្តាញសង្គម ព្រោះកត្តានេះបានធ្វើឲ្យសិល្បករ-សិល្បការិនីកូរ៉េជាច្រើន មានជំងឺបាក់ទឹកចិត្តជាបន្តបន្ទាប់ តាមរយៈទទួលរងការ Comment ពាក្យមិនល្អពីមហាជន។
ងាកមកភាពយន្តឯកសារអំពី Sulli វិញ ត្រូវបានរាយការណ៍ថា នាងបញ្ចូលទាំងការសម្ភាសន៍ជាមួយក្រុមគ្រួសារ Sulli, មិត្តភ័ក្ត និងអ្នកគ្រប់គ្រងនៅក្នុងផលិតកម្ម SM Entertainment ដែលនាងធ្លាប់ជ្រកកោនកាលនៅរស់រានមានជីវិត។
បន្ថែមពីនេះ គឺនិយាយពីវិថីជីវិតរបស់ Sulli និងការឆ្លងកាត់ឧបសគ្គនានាតាំងពីកុមារភាពមក ព្រោះនាងបានចាប់ផ្តើមអាជីពជាតារាសម្តែង តាំងពីវ័យ១១ឆ្នាំមកម្ល៉េះ កាលពីអំឡុងឆ្នាំ២០០៥ បន្ទាប់ពីវិវឌ្ឍន៍ខ្លួនទៅជាតារាចម្រៀងនៅក្នុងក្រុម f(X)៕