(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានមានគម្រោងថែមទឹកប្រាក់ឲ្យបានដល់ ២៥០,០០០ផោន ស្មើនឹង ៣២៧,០០០ដុល្លារក្នុងសប្តាហ៍ ដើម្បីលួងចិត្តកីឡាករខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បន្តកិច្ចសន្យាលេងនៅ Emirates ៣ឆ្នាំទៀត។

តាមរយៈព័ត៌មានពីគេហទំព័រ Dailymail បានចេញផ្សាយថា កិច្ចសន្យាចាស់របស់កីឡាករអន្តរជាតិកាបុងខាងលើនេះ នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយ ដ្បិតរូបគេទទួលបាន ១៨០,០០០ផោន ស្មើនឹង ២៣៦,០០០ដុល្លារក្នុង ១សប្តាហ៍ គ្រាដែលកិច្ចសន្យាថ្មីនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ បន្ទាប់ពីរូបគេស៊ុតបាន ២គ្រាប់ជួយ Arsenal លើកពាន FA Cup 2020 ក្រោយឈ្នះតោខៀវ Chelsea ២-១ កាលពីរាត្រថ្ងៃសៅរ៍ និងឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពី Jamie Vardy របស់ Leicester City ជាអ្នករកបានគ្រាប់ស៊ុតច្រើនជាងគេនៅ Premier League រដូវកាលនេះ។

អ្នកចាត់ការក្រុម Mikel Arteta បានទុកថា Aubameyang ជាកំពូលកីឡាករខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់សម្រាប់ Arsenal និងអាចសម្រេចគោលដៅបន្ទាប់ថែមទៀតដែរ ប្រសិនបើអ្វីៗមិនមានការផ្លាស់ប្តូរទេនោះ។

យ៉ាងណាក្លិប Arsenal បានកំពុងតែបញ្ចុះបញ្ចូល និងចរចាជាមួយកីឡាករវ័យ ៣១ឆ្នាំ Aubameyang ក្នុងការលេងឲ្យកាំភ្លើងធំជាបន្តទៀត គ្រាដែលក្លិបធំៗនៅអឺរ៉ុបជាច្រើន ជាពិសេស Paris Saint-Germain កំពុងតែអន្ទងចិត្តគេជារៀងរាល់ថ្ងៃ ដើម្បីចាប់ដៃគូជាមួយ Mbappe និង Neymar ដែលមានស្រាប់។

គួរបញ្ជាក់ផងថា ប្រសិនសម្រេចបានមែន ទឹកប្រាក់ពលកម្ម ៣២៧,០០០ដុល្លារក្នុង ១សប្តាហ៍របស់ Aubameyang ក៏នៅតិចជាងកីឡាករខ្សែបម្រើប្រយុទ្ធ Mesut Ozil ដែលអង្គុយកៅអីបម្រុងស្ទើរពេញ ១រដូវកាលដដែល គ្រាដែលរូបគេ (Ozil) ទទួលបាន ៤៥០,០០០ដុល្លារក្នុង ១សប្តាហ៍ឯណោះ៕