(ភ្នំពេញ)៖ ទីបំផុតក្រុម TN Kandal បានស្គាល់បរាជ័យក្នុងពានរង្វាន់ KW Cambodia League 2020 ហើយ បន្ទាប់ពីចាញ់យ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម Khmer United-A ដោយលទ្ធផល ៤-១ ក្នុងសប្ដាហ៍ទី៨ នៅទីលាន KMH កាលពីចុងសប្ដាហ៍កន្លងទៅ។
ជំនួបដ៏ជក់ចិត្តនេះ វគ្គទី១ ក្រុម Khmer United-A បាននាំមុខ ១គ្រាប់មុន រកបានដោយកីឡាករ Oiboh Julius តាំងពីដើមវគ្គទី១ បន្ទាប់មកទើបពួកគេបានបន្ថែម ៣គ្រាប់ទៀតដោយកីឡាករ នូ សូរី ២គ្រាប់ និងអតីតសមាជិកក្រុមបឹងកេត Julius ១គ្រាប់។ ចំណែកក្រុមកំពូលតារាង TN Kandal ព្យាយាមវាយបករកបាន ១គ្រាប់តែប៉ុណ្ណោះ។
ចំណែកលទ្ធផល ៧គូផ្សេងទៀត រួមមានក្រុមការពារតំណែងជើងឯក ISI ដង្កោសែនជ័យវិញបានយកឈ្នះលើក្រុម Avatar ដោយលទ្ធផល ៣-១, ក្រុម Khmer United-B ឈ្នះក្រុមតាំងគោក ៧-៥, ក្រុម Bayon Wanderers ឈ្នះក្រុមមហាហង្សអលស្ដារ ៤-៣, ក្រុម Riel PP ឈ្នះក្រុមពួកម៉ាក់យូណាយធីត ៣-០, ក្រុម Mambo PP ឈ្នះក្រុមពិទូអែហ្វស៊ី ៣-០ និងក្រុម Sniper FC ឈ្នះក្រុមយុវជនវត្តវ៉ារិន ៣-០។
គិតត្រឹមសប្ដាហ៍ទី៨ គេឃើញក្រុមឈរកំពូលតារាង មានពិន្ទុប្រកៀកប្រកិតគ្នាកាន់តែខ្លាំង ក្នុងនោះក្រុម TN Kandal, ISI ដង្កោសែនជ័យ និងក្រុម Riel PP សុទ្ធតែរកបាន ២១ពិន្ទុស្មើគ្នា ស្របពេលក្រុម Avatar ឈរលេខ៤ និងមាន ១៨ពិន្ទុ គ្រាដែលក្រុម Khmer United-A ក្រោយដណ្ដើមបាន ៣ពិន្ទុ បានបន្ដឈរលេខ៥ និងមាន ១៦ពិន្ទុក្នុងដៃ៕