(ភ្នំពេញ)៖ ពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ (U18) របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចប់ការប្រកួតជើងទី១ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយហើយ កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលក្រុមយុវជនវិសាខា និងភ្នំពេញក្រោន សុទ្ធតែទទួលបានជ័យជម្នះដូចគ្នា។

ចំពោះក្រុម U18 វិសាខា បានយកឈ្នះក្រុមភ្ញៀវ U18 ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-០ នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ការប្រកួតនេះ វគ្គទី១ ក្រុមទាំងពីរ លេងបានស្មើគ្នា ១-១ ដែលធ្វើឲ្យការប្រកួតកាន់តែតានតឹងរហូតដល់ចុងម៉ោង ទើបកីឡាករ ភួង ឌីណា រកបានគ្រាប់ទី២ ជួយឲ្យយុវជនវិសាខាឈ្នះ ២-១ សម្រាប់ជើងទី១។

ចំណែកក្រុម U18 ភ្នំពេញក្រោនវិញ បានយកឈ្នះក្រុមម្ចាស់ផ្ទះ U18 សាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ដោយលទ្ធផល ៦-១។ រីឯ ២គូទៀត រួមមានក្រុមសាលាតម្រង់ទិសខេត្តក្រចេះ ឈ្នះក្រុមភ្ញៀវសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ១-០ ស្របពេលក្រុមសាលាតម្រង់ទិសខេត្តឧត្ដរមានជ័យ ស្មើក្រុមសាលាតម្រង់ទិសខេត្តស្ទឹងត្រែង ១-១។

យ៉ាងណាមិញ ការប្រកួតនៅសល់ ១ជើងទៀត ដែលក្រុមនីមួយៗត្រូវប្រកួតផ្លាស់ប្ដូរទឹកដីគ្នា ដើម្បីកាត់សេចក្ដីក្រុមទទួលបានជ័យជម្នះក្នុងការប្រកួតសរុបទាំង ២ជើង ទើបទទួលបានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២០។ ចំពោះការប្រកួតជើងទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃទី០៩ ខែសីហា ឆ្នាំខាងមុខ៕