(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ត្រូវបានប្រកាសទទួលស្គាល់ ដោយស្ថាប័ន OpenSignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍ នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសនេះ បានបញ្ជាក់ឲ្យកាន់តែច្បាស់ នូវភាពនាំមុខគេរបស់ក្រុមហ៊ុន សែលកាត ទៅលើវិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ហាញ ឲ្យឃើញថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូនបទពិសោធន៍ ប្រើប្រាស់បណ្តាញទូរស័ព្ទចល័ត ប្រកបដោយគុណភាពខ្ពស់ ដល់អ្នកស្នេហាវិស័យហ្គេម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងតំបន់ និងទូទាំងពិភពលោកផងដែរ។
Opensignal គឺជាស្ថាប័នឯករាជ្យមួយ ដែលបានបង្កើតស្តង់ដារពិភពលោក សម្រាប់ការវិភាគទៅលើបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទចល័តរបស់អតិថិជន។
តាមរយៈរបាយការណ៍ ចុងក្រោយរបស់ស្ថាប័ននេះ ស្តីអំពីប្រទេសកម្ពុជា បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិតែមួយគត់ ដែលអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍នៃការលេងហ្គេមកម្រិតខ្ពស់ជាងគេបំផុតក្នុងបណ្តាញ 4G។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា ប្រទេសកម្ពុជា ត្រូវតែខិតខំបង្កើនកម្រិតគុណភាពបន្តទៀត ទើបអាចឈាន ទៅដល់កម្រិតប្រដំប្រសងគ្នា ជាមួយនឹងទីផ្សារកីឡាអេឡិចត្រូនិចឈានមុខគេផ្សេងទៀត ដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម ដែលទីផ្សារទាំងពីរនេះ ទទួលបានពិន្ទុសម្រាប់បទពិសោធន៍ នៃការលេងហ្គេម ច្រើនជាង៧០ (ពោលគឺស្ថិតនៅក្នុងកម្រិត បង្គួរ)។
លោក វ៉ាតសុន បានបន្តទៀតថា «សែលកាតបានចាប់ផ្តើម ផ្តោតទៅលើវិស័យកីឡាអេឡិចត្រូនិច ចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុន ក៏បានរៀបចំកម្មវិធីប្រកួត ក៏ដូចជាចាប់ដៃគូសហការ ដើម្បីជួយបំពេញសេចក្តីត្រូវការ របស់សហគមន៍កីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ដែលតាមរយៈការប៉ាន់ស្មាន គឺមានប្រហែលជាង២លាននាក់ ក្នុងពេលបច្ចុប្បន្ននេះ»។
លោកបន្ដថា ខណៈដែលសែលកាតអាចទទួលបានពិន្ទុ ៤៧.២ សម្រាប់បទពិសោធន៍ នៃការលេងហ្គេម4Gនេះ គឺយើងអាចសន្មត់បានថា វាជាសមិទ្ធិផលដ៏អស្ចារ្យ បំផុតមួយ ព្រោះថា បើពិនិត្យមើលទៅកាន់ប្រទេសថៃ និងម៉ាឡេស៊ីឯណោះវិញ ទីផ្សារឈានមុខគេទាំងពីរនេះ មានអ្នកលេងហ្គេមប្រហែល ជាង២០លាននាក់ ហើយប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័តរបស់ពួកគេ ដែលមានដូចជា AIS និង Maxis វិញទៀតសោត ក៏សុទ្ធតែមានសមត្ថភាពខ្ពស់ ទៅលើការរៀបចំកម្មវិធីសម្រាប់ វិស័យកីឡាអេឡិចត្រូនិចរបស់ពួកគេផងដែរ។
ក្រុមហ៊ុន សែលកាត នឹងនៅតែបន្តគាំទ្រ ក៏ដូចជាជួយអភិវឌ្ឍសហគមន៍ វិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា រួមទាំងជួយផ្សាភ្ជាប់កីឡាករ ក្នុងស្រុកជាមួយនឹងវិស័យកីឡាអេឡិចត្រូនិចអន្តរជាតិ ដែលកំពុងរីកលូតលាស់ជាខ្លាំង ដើម្បីចូលរួមជំរុញទឹកចិត្ត ដល់អ្នកសេ្នហាវិស័យហ្គេមទាំងអស់ ដែលមានបំណងចង់ក្លាយខ្លួន ជាកីឡាករអាជីព នៅក្នុងវិស័យកីឡាមួយនេះ។
លោក វ៉ាតសុន បានបន្ថែមថា លោកសូមកោតសរសើរជាខ្លាំង ចំពោះស្ថាប័នឯករាជ្យអន្តរជាតិ ដែលក្នុងនោះរួមមាន ស្ថាប័ន Opensignal ជាដើម ដែលបានខិតខំ ប្រឹងប្រែងក្នុងការស្វែងយល់ពីតម្រូវការ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ក្នុងសម័យដ៏ជឿនលឿនបំផុតបែបនេះ ដើម្បីណែនាំនូវកម្រិតវាស់ស្ទង់ថ្មី តួយ៉ាងដូចជា បទពិសោធន៍ នៃការលេងហ្គេមនេះជាដើម។
កម្រិតវាស់ស្ទង់ថ្មីនេះ ដែលត្រូវបានបង្កើតផ្អែកលើស្តង់ដាររបស់ ITU (សហភាពទូរគមនាគមន៍អន្តរជាតិ) នឹងចូលរួមវិភាគទៅលើ បទពិសោធន៍នៃការលេងហ្គេម ជាលក្ខណៈបណ្តាញលើទូរស័ព្ទចល័ត ថាតើវានឹងមានឥទ្ធិពលបែបណាខ្លះ ទៅលើលក្ខខណ្ឌបណ្តាញទូរស័ព្ទចល័ត ដែលក្នុងនោះរួមមានទាំងល្បឿន នៃការបញ្ជូនទិន្នន័យ និងបញ្ហារួមទាំងភាពយឺតយ៉ាវ នៃការបញ្ចូនរលកសញ្ញាផងដែរ។
លោក វ៉ាតសុន បានឲ្យដឹងទៀតថា «ក្នុងចំណោមកីឡាករហ្គេមទាំងអស់ ពិតជាមិនមាននរណា ដែលចង់ចាញ់ការប្រកួត ដោយសារតែបណ្តាញអ៊ីនធើណិត ដំណើរការយឺតនោះឡើយ។ ជាពិសេសសម្រាប់កីឡាអេឡិចត្រូនិច ដែលជាប្រភេទហ្គេមទាមទារ ឲ្យប្រើប្រាស់ជំនាញខ្លាំងនេះតែម្តង គឺបណ្តាញអ៊ីនធើណិត មានតួនាទីសំខាន់ខ្លាំងណាស់ ពោលគឺវាអាចមានឥទ្ធិពលកំណត់ជោគវាសនា អ្នកនាំមុខគេនៅក្នុងតារាងចំណាត់ថ្នាក់តែម្តង»។
ដើម្បីអបអរសាទរនូវសមិទ្ធិផលដែលទទួលបាននេះ ក្រុមហ៊ុនសែលកាត នឹងធ្វើការរៀបចំកម្មវិធីផ្សាយរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី១៤ ខែសីហាខាងមុខនេះ ដើម្បីឲ្យអ្នកលេងហ្គេម អាចស្វែងយល់បន្ថែមអំពីកីឡាអេឡិចត្រូនិច ក៏ដូចជាដើម្បីឲ្យពួកគាត់បានទស្សនា នូវការប្រកួតប្រជែងគ្នា ដោយផ្ទាល់របស់កីឡាករហ្គេមអាជីព នៅលើបណ្តាញទូរស័ព្ទចល័តសែលកាតផងដែរ។
ព្រឹត្តិការណ៍ប្រកួតប្រជែងនេះ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកថ្មី របស់សែលកាត ដែលមានឈ្មោះថា PlayGame ដោយក្នុងនោះ នឹងមានការចូលរួម ពីសំណាក់កីឡាករ និងអ្នកអត្ថាធិប្បាយល្បីៗ រួមមានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និងក្រុមកីឡាករផ្សេងៗជាច្រើនទៀតផងដែរ៕