(ភ្នំពេញ)៖ ក្រុមហ៊ុន អាយ អេឡិកត្រូនិក បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ជាមួយនិងមន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ (The Prestige Hospital) ក្នុងគោលបំណង ផ្ដោតទៅលើការបង្កើននូវចំណងមិត្តភាព រវាងដៃគូជំនួញឲ្យកាន់តែជិតស្និត និងដើម្បីពង្រឹងនូវប្រព័ន្ធអេឡិចត្រូនិច ក្នុងវិស័យសុខាភិបាល។
កម្មវិធីនេះ ត្រូវបានរៀបចំឡើង នៅមន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ ផ្ទាល់តែម្ដង ដែលមានការចូលរួមពីលោក ឡែន តាន់ ជាអគ្គនាយកក្រុមហ៊ុន អាយ អេឡិកត្រូនិក និង លោក Warren Zwick ជាប្រធាន ITC Service តំណាងឲ្យ មន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ និងភាគីពាក់ព័ន្ធជាច្រើនទៀត នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។
ក្នុងកម្មវិធីនេះ លោកអគ្គនាយក ក្រុមហ៊ុន អាយ អេឡិកត្រូនិក ក៏ដូចជាលោក Warren Zwick បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ស្ដីពីអត្ថន័យ និងគោលបំណង នៃការចុះហត្ថលេខា លើអនុស្សារណៈយោគយល់ (MoU) របស់ភាគីទាំងពីរ ក៏ដូចជាបានឆ្លើយនូវសំនួរ ពីខាងសារព័ត៌មានយ៉ាងច្រើនផងដែរ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន អាយ អេឡិកត្រូនិក គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ នូវគ្រឿងបរិក្ខាអេឡិកត្រូនិក យ៉ាងសម្បូរបែប ដែលសុទ្ធសឹងតែជាផលិតផល ម៉ាកល្បីៗលើពិភពលោក ដែលមានសមត្ថភាពខ្ពស់ជាទីទុកចិត្ត និងមានការធានាយ៉ាងត្រឹមត្រូវផងដែរ។
ចំណែកឯមន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ គឺជាមន្ទីរពេទ្យ ដែលផ្ដល់នូវទំនុកចិត្តខ្ពស់ ដល់អ្នកជំងឺដោយព្យាបាល តាមរយៈឧបករណ៍ទំនើបៗ ដែលនាំចូលពីបរទេស និងបុគ្គលិក ដែលមានសមត្ថភាពខ្ពស់ៗ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន អាយ អេឡិកត្រូនិក ក៏ដូចជាមន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ ក៏សូមថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ដល់ក្រុមហ៊ុនទាំងពីរកន្លងមក ហើយសន្យាថា និងខិតខំប្រឹងប្រែងពង្រឹងគុណភាព និងសេវាកម្មរបស់ខ្លួនជាបន្តទៀត ជូនដល់អតិថិជនទាំងអស់៕