(អូស្ត្រាលី)៖ ជនបរទេសដែលទៅដល់ទ្វីបអូស្ត្រាលីដំបូងគេ មិនមែនជាលោក ជេម ឃុក អ្នករុករកជនជាតិអង់គ្លេសនោះទេ ពីព្រោះមានមនុស្សពីរនាក់ផ្សេងទៀតដែលបានឡើងច្រាំងអូស្ត្រាលីមុន ជេម ឃុក នេះទៅទៀត ម្នាក់គឺមេទ័ពចិន ជឹង ហឺ និងម្នាក់ទៀតជាជនជាតិហូឡង់ ដែលបានឃើញសត្វកុងហ្គារូមុនគេ។

* Zheng He (1371-1435) អ្នករុករកជនជាតិចិនដែលអ្នកគួរតែស្គាល់ឱ្យបានច្រើន

ក្នុងតួនាទីជាមេទ័ពជើងទឹករបស់មហាម៉េង (Ming) លោកម្ចាស់ ជឹង ហឺ បានធ្វើដំណើរទៅដល់ទ្វីបអូស្ត្រាលីមុនគេបង្អស់តាំងពីឆ្នាំ១៤៣២ មកម្ល៉េះ។ ថ្មីៗនេះគេបានរកឃើញស្លាកស្នាមប្រវត្តិសាស្ត្រដ៏សំខាន់មួយចំនួន ដែលបង្ហាញថាវត្តមានសំពៅរបស់មេទ័ពចិនរូបនេះបានទៅដល់ឆ្នេរសមុទ្រក្បែរទីក្រុងដាវិន (Dawin) នៃរដ្ឋធឺររីធឺរីខាងជើង (Northern Territory)។

មេទ័ពជើងទឹកដែលចេញពីគ្រួសារមូស្លីមរូបនេះ ក៏ជាអ្នករកឃើញទ្វីបអាមេរិកមុនលោក គ្រីស្តុប កូឡំ ផងដែរ ពីព្រោះរាជការមហាម៉េងក្នុងរជ្ជកាលព្រះរាជា ជូ យានចាង (Zhu Yuanzhang) បានបញ្ជាឱ្យមេទ័ព ជឹង ហឺ ដឹកនាំកងទ័ពជើងទឹករបស់ចិនចេញរុករកពិភពខាងក្រៅនៅឯនាយសមុទ្រ ហើយបេសកកម្មរបស់លោកពិតជាទទួលបានជោគជ័យប្រាកដមែន ប៉ុន្តែគ្រាន់តែការផ្សព្វផ្សាយមិនសូវទូលំទូលាយដូចជនជាតិអឺរ៉ុប។

* លោក William Dampier (1652-1715)

បន្ទាប់ពីមេទ័ព ជឹង ហឺ ខាងលើនេះ ក៏មានអ្នករុករកជនជាតិហូឡង់ម្នាក់ទៀតដែរ គឺលោក វីល្លៀម ដឹមភៀរ ដែលបានទៅដល់ទ្វីបអូស្ត្រាលីនៅឆ្នាំ១៦៩៧ ហើយបានកត់ត្រាអំពី «សត្វកុងហ្គារូ» យកមកផ្សព្វផ្សាយប្រាប់មនុស្សម្នានៅអឺរ៉ុប។ កាលណោះ គាត់ហៅសត្វកុងហ្គារូនេះថា «សត្វខ្លួនធំចេះលោត»។

វីល្លៀម ដឹមភៀរ បានធ្វើដំណើរជុំវិញពិភពលោកដល់ទៅបីលើកឯណោះ ដោយលោកបានធ្វើកិច្ចការជាអ្នកត្រួសត្រាយផ្លូវសមុទ្រ ជាអ្នករុករក ជាអ្នកធ្វើផែនទីសមុទ្រ និងផែនទីខ្យល់ ជាអ្នកអង្កេតការណ៍ផ្នែកវិទ្យាសាស្ត្រ ហើយក៏ជាមេចោរសមុទ្រផងដែរ។

* លោក James Cook (1728-1779)

ក្នុងដំណើរឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៉ីហ្វិកខាងត្បូង ចាប់ពីឆ្នាំ១៧៦៨-១៧៧១ លោក ជាម ឃុក ក៏បានពើបប្រទះនឹងទ្វីបថ្មីមួយដែលមិនធ្លាប់ឃើញពីមុនមក ហើយលោកបានឡើងច្រាំងទ្វីបនេះនៅអំលុងឆ្នាំ១៧៧០។ ពេលនោះហើយ ដែលក្រុមសំពៅចរណ៍របស់លោកក៏បានជួបនឹងជនជាតិម្ចាស់ស្រុក ហើយថែមទាំងប៉ះទង្គិចជាមួយពួកនេះយ៉ាងខ្លាំងផងដែរ។

ក្រោយពីរួចជីវិតរត់មកដល់ចក្រភពអង់គ្លេសវិញ លោក ឃុក បានផ្សព្វផ្សាយអំពីរបកគំហើយថ្មីនេះទៅកាន់មនុស្សម្នានៅអឺរ៉ុប ហើយចាប់ពីពេលនោះមក ទើបមានពួកអឺរ៉ុបឆ្លងទៅកាន់ទ្វីបថ្មីនេះជាបណ្ដើរៗ និងរស់នៅតកូនតចៅរហូតមកដល់សព្វថ្ងៃ។

* តើការដាក់ឈ្មោះរបស់ទ្វីបនេះមានប្រវត្តិយ៉ាងដូចម្ដេច?

ចាប់តាំងពីជនជាតិហូឡង់ លោក វីល្លៀម ដឹមភៀរ ត្រលប់ពីអូស្ត្រាលីមកអឺរ៉ុបវិញ លោកបានដាក់ឈ្មោះឱ្យទឹកដីថ្មីនេះថា «ហូឡង់ថ្មី» ឬ ញូហូឡង់ (New Holland)។ លុះដល់ឆ្នាំ១៨០៤ ក្រុមអ្នករុករក ម៉ាតស្យូ វ្លាយដឺរ (Matthew Flinders) បានប្ដូរការហៅឈ្មោះទ្វីបនេះពីញូហូឡង់ទៅជា Terra Australis (ទែរ៉ា អូស្ត្រាលីស) វិញ ដែលពួកគេនិយមប្រើប្រាស់ពាក្យនេះនៅលើផែនទីភូមិសាស្ត្រពិភពលោក និងសមុទ្រ។

លុះដល់ឆ្នាំ១៨១៧ ទើបជនជាតិអឺរ៉ុបហៅត្រឹម Australis (អូស្ត្រាលីស) តាមភាសាឡាតាំងវិញ ពីព្រោះអ្នកអឺរ៉ុបសម័យមុនតែងនិយមប្រើប្រាស់ភាសាឡាតាំងជាភាសាផ្លូវការ។ ពាក្យ Australis នេះមានន័យថា «ខាងត្បូង» ក៏ព្រោះតែមនុស្សសម័យនោះចាត់ទុកទ្វីបអូស្ត្រាលីស្ថិតនៅផ្នែកខាងត្បូងនៃពិភពលោក។

ប៉ុន្តែនៅពេលដែលពិភពលោកឈានដល់សម័យទំនើប ឈ្មោះ Australis ដែលហៅតាមភាសាឡាតាំងនោះ ក៏ត្រូវបានគេប្ដូរមកហៅតាមភាសាអង់គ្លេសវិញ គឺទ្វីប Australia (អូស្ត្រាលី) រហូតមកដល់ពេលបច្ចុប្បន្ន៕