(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជន U16 ក្លិបភ្នំពេញក្រោន បានធ្លាក់ចេញពីពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ (U16) ទៅហើយ ក្រោយបរាជ័យ ២ប្រកួតផ្ទួនៗនៅក្នុងការប្រកួតជុំទី៣ ពូល A ស្របពេលក្រុមយុវជនវិសាខា និងនគររាជអែហ្វស៊ី បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទោះក្រុមនីមួយៗនៅលស់ ១ប្រកួតក្នុងដៃក៏ដោយ។

ប្រកួតចុងក្រោយរបស់ U16 ភ្នំពេញក្រោន បានចាញ់ក្រុម U16 វិសាខា ដោយលទ្ធផល ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ ការបរាជ័យនេះ បានធ្វើឲ្យពួកគេអស់ឱកាសដោយស្វ័យប្រវត្តិ ពោលគឺនៅសល់ត្រឹមឱកាសប្រកួតបង្គ្រប់កិច្ចជាមួយក្រុមសាលាតម្រង់ទិសវិទ្យាល័យស្វាយរៀងនាចុងសប្ដាហ៍នេះប៉ុណ្ណោះ។

ជាមួយការបាត់បង់ឱកាសនេះដែរ លោក ម៉ែន ពិភព គ្រូបង្វឹកក្រុម U16 ភ្នំពេញក្រោន បានសម្ដែងការសោកស្ដាយ តែលោកមិនបានបន្ទោសកូនក្រុមឡើយ ផ្ទុយទៅវិញ លោកថានេះជាទំនួលខុសត្រូវរបស់ខ្លួន ដែលមិនអាចជួយក្រុមឡើងវគ្គបន្ដ។ លើសពីនេះ លោកក៏បានសុំទោសថ្នាក់ដឹកនាំក្លិប និងអ្នកគាំទ្រ ចំពោះលទ្ធផលដ៏ខកចិត្តនេះដែរ។

ចំពោះក្រុម U16 វិសាខា និងយុវជននគររាជអែហ្វស៊ីវិញ បច្ចុប្បន្នក្រុមទាំងពីររកបាន ៦ពិន្ទុស្មើគ្នា ដើម្បីធានាកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែយ៉ាងណាក្រុមទាំងពីរ នៅសល់ ១ប្រកួតក្នុងដៃរៀងខ្លួន ដោយត្រូវជួបគ្នានាចុងសប្ដាហ៍នេះ ដើម្បីកាត់សេចក្ដីរកក្រុមកំពូលតារាង។

ដោយឡែកពូល B វិញ នៅមិនទាន់រកឃើញបេក្ខភាពឡើងវគ្គបន្ដនោះទេ ដ្បិតក្រុមទាំង៤ រកបាន ៣ពិន្ទុស្មើគ្នា បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងចាញ់១ រៀងខ្លួន ក្នុងនោះមានក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ក្រុមសាលាតម្រង់ទិសខេត្តឧត្ដរមានជ័យ សាលាតម្រង់ទិសខេត្តស្ទឹងត្រែង និងក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ។ ក្រុមទាំង៤ នឹងត្រូវប្រកួតកាត់សេចក្ដីចុងសប្ដាហ៍នេះ ដើម្បីកំណត់ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕