(ដកម៉ាន់)៖ ក្លិបបាល់ទាត់ Borussia Dortmund បានកំណត់ពេលវេលាត្រឹមថ្ងៃទី១០ ខែសីហា ដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងលក់កីឡាករខ្សែប្រយុទ្ធ Jadon Sancho ដែលជាគោលដៅផ្ទេរដ៏ធំបំផុតរបស់ក្រុម Manchester United នារដូវក្តៅនេះ។
តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថាក្លិបអាល្លឺម៉ង់បានប្រាប់ United ថាពួកគេចង់បានលើសពី១០០លានផោន សម្រាប់ខ្សែបម្រើស្លាបអង់គ្លេសដែលមានអាយុទេីបតែ២០ឆ្នាំ។
Dortmund បានកំណត់ថ្ងៃផុតកំណត់បែបនេះពីព្រោះពួកគេចង់បានការរៀបចំក្រុមឡេីងវិញដោយមិនមានការរំខានសម្រាប់ Bundesliga រដូវកាលថ្មីឆ្នាំ២០២០-២១ឡេីយ។
យុទ្ធនាការថ្មីរបស់អាល្លឺម៉ង់នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញា ដោយមានពេលវេលាកំណត់ផ្ទេរសម្រាប់កិច្ចព្រមព្រៀងជាលក្ខណ:អន្តរជាតិដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
Sancho បានលេងឲ្យ Dortmund អស់រយៈពេល ៣ឆ្នាំមកហេីយ ក្រោយផ្ទេរចេញពី Manchester City កាលពីខែសីហាឆ្នាំ២០១៧ ក្នុងតម្លៃប្រហែល១០លានផោនតែប៉ុណ្ណោះ។
កាលពីខែកក្កដាកន្លងទៅថ្មីៗនេះដែរ Dortmund ក៏បានផ្តួលក្រុម Man Utd ក្នុងការចុះហត្ថលេខាយកខ្សែបម្រើសញ្ជាតិអង់គ្លេសអាយុ ១៧ឆ្នាំ Jude Bellingham មកពីក្លិប Birmingham ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃជាង ៣០លានផោន។
ពួកគេក៏បានទិញខ្សែប្រយុទ្ធន័រវែស Erling Braut Haaland ពីក្លិបអូទ្រីស Red Bull Salzburg កាលពីដើមឆ្នាំ២០២០ជាកីឡាករម្នាក់ទៀតដែល United ព្យាយាមយ៉ាងខ្លាំងដើម្បីនាំយកទៅកីឡដ្ឋាន Old Trafford ដូចគ្នា៕