(ក្រុងឡុងដ៍)៖ ក្រុមហ៊ុនផលិតសំភារៈកីឡាលំដាប់ពិភពលោក Nike បានបញ្ចេញរូបរាងបាល់ថ្មី សម្រាប់ប្រើក្នុងការប្រកួតនៅ Premier League នារដូវកាលថ្មីឆ្នាំ២០២០-២០២១ ដែលមានតម្លៃដល់ទៅ ១២៥ផោន ស្មើនឹង ១៦៤ដុល្លារ (បាល់ហ្ស៊ីន)។

តាមរយៈព័ត៌មានពី Dailymail បានចេញផ្សាយឲ្យដឹងថា រូបរាងបាល់ថ្មីដែលមានឈ្មោះថា «Flight» ត្រូវបាន Design ដោយក្រុមហ៊ុនរបស់អាមេរិកខាងលើនេះ ត្រូវបានគេប្រៀបប្រដូចទៅនឹងពណ៌នៃបាល់របស់កីឡាកូនហ្គោល ដែលត្រូវបានដាក់លក់នៅលើទីផ្សារហើយកាលពីខែមុន បន្ទាប់ពីការធ្វើតេស្ត ក៏ដូចជាថតផ្សាយពាណិជ្ជកម្មដោយកីឡាករខ្សែប្រយុទ្ធ Marcus Rashford រួចមកផងដែរ។

បាល់ Flight នឹងត្រូវប្រើដំបូងគេនៅអង់គ្លេស ក្នុងការប្រកួតពានរង្វាន់បើករដូវកាល FA Community Shield រវាង Liverpool ប៉ះ Arsenal ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ មុនពេល Premier League រដូវកាលថ្មីចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញា ដែលមានហង្សក្រហម Liverpool ជាក្រុមការពារតំណែងជើងឯក៕