(ភ្នំពេញ)៖ តារាចម្រៀង Original song ល្បីឈ្មោះ កញ្ញា នីគីនីគី (Nikki Nikki) បានទទួលឱកាសការងារថ្មីមួយទៀត ដោយកញ្ញាត្រូវបានក្រុមហ៊ុន Theara Leang Co.,LTD ជ្រើសរើសធ្វើជា ឯកអគ្គរដ្ឋទូតសុឆន្ទៈ ឲ្យផលិតផលរបស់ខ្លួន គឺម៉ាក T&L ដែលកំពុងល្បីខ្លាំងនៅកម្ពុជា។
ក្រុមហ៊ុន Theara Leang Co.,LTD បានរៀបចំកម្មវិធី ប្រកាសជ្រើសយក នីគីនីគី ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ផលិតផលរបស់ក្រុមហ៊ុនខ្លួនជាលើកទី១ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ព្រោះតែផលិតផល T&L របស់ក្រុមហ៊ុន កំពុងតែដំណើរការ យ៉ាងជោគជ័យរួចទៅហើយនៅលើទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន ហេតុអ្វីត្រូវរើសតារាស្រីរូបនេះ ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈធ្វើអ្វីទៀត។
ទាក់ទងទៅនឹងការប្រកាសជាសាធារណៈ ក្នុងការរើសតារាចម្រៀង នីគីនីគី ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ របស់ក្រុមហ៊ុននេះ ត្រូវបាន អគ្គនាយិកាក្រុមហ៊ុន Theara Leang Co.,LTD លោកស្រី លាង ធារ៉ា ប្រាប់ឲ្យដឹងថា នេះជាលើកទី១ហើយ ដែលក្រុមហ៊ុនប្រកាសទទួលយក កញ្ញា នីគីនីគី ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ព្រោះហេតុផលថា កញ្ញាគឺជាអតិថិជនពិតប្រាកដរបស់ផលិតផល T&L កញ្ញាបានប្រើប្រាស់ផលិតផលក្រុមហ៊ុនគ្រប់មុខ ហើយសុទ្ធតែទទួលបានលទ្ធផលល្អ កញ្ញាគឺជាតារាមួយរូបដែលមុនទទួលធ្វើជា ឯកអគ្គរដ្ឋទូតសុឆន្ទៈ ក្រុមហ៊ុនណាមួយគឺសម្រឹតសម្រាំងណាស់ ហើយទាល់តែខ្លួនឯងបានដឹងបានយល់ពីគុណសម្បត្តិផលិតផលនោះច្បាស់ ទើបកញ្ញាទទួលធ្វើតំណាង មិនមែនចេះតែទទួលធ្វើ យកតែថ្លៃឈ្នួលនោះទេ។
លោកស្រី បន្តទៀតថា ការដែលរើសឯកអគ្គរដ្ឋទូតសុឆន្ទៈ មិនមែនរើសត្រឹមតែស្អាតនិងល្បីទេ ពោលគឺត្រូវរើសថាគាត់បានប្រើនិងស្គាល់ផលិតផលយើងច្បាស់ទេ ធ្លាប់ប្រើទេ ហើយទទួលបានលទ្ធផលយ៉ាងមិចដែរ ហើយមួយទៀតគឺអត្តចរឹក និងចំណេះដឹងក៏ជារឿងសំខាន់។ ហើយទាំងអស់នេះគឺ នីគីនីគី មានគ្រប់លក្ខខណ្ឌ ទើបលោកជំទាវសម្រេចរើសកញ្ញា ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ របស់ក្រុមហ៊ុនតែម្តងទៅ។
ដោយឡែក កញ្ញា Nikki Nikki ជាទូតសុឆន្ទ: តំណាងអោយផលិតផលប្រេន T&L បានបង្ហាញនូវការយល់ឃើញថា ការផ្តល់នូវកិត្តិយសពីក្រុមហ៊ុន T&L សម្រាប់រូបនាង នាពេលនេះ គឺជាការសម្រេចនូវក្តីស្រម៉ៃ អាចក្លាយជាអ្នកតំណាងផលិតផលល្បីក្នុងស្រុក ហើយកញ្ញានឹងផ្សព្វផ្សាយពីភាពល្អៗ ដែល T&L មានទៅកាន់អ្នកគាំទ្រ តាមរយៈការសម្តែង និងបទចម្រៀងជាច្រើនរបស់កញ្ញា។
លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន Theara Leang Co.Ltd បានលើកឡើងថា ភាពច្បាស់លាស់ ត្រឹមត្រូវ និងផ្តល់នូវទំនុកចិត្តដល់អតិថិជន ក៏ដូចជាតំណាងចែកចាយរបស់ខ្លួន ដែលរួមដៃគ្នា ជាមួយគ្រួសារT&L កន្លងមក បានធ្វើអោយប្រេនក្នុងស្រុកមួយនេះ អាចមានសមត្ថភាពពង្រីកខ្លួន បានយ៉ាងលឿនជាមួយនឹងគុណភាព ទំនុកចិត្ត និងបានជួយស្ត្រីជាមេផ្ទះជាច្រើនអោយមានការងារធ្វើ ដើម្បីបន្ថែមចំណូលចូលគ្រួសារ។
លោកបន្តថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុន គ្រោងនឹងបង្កើតអោយមានជារោងចក្រផ្ទាល់ខ្លួន ក្នុងប្រទេសនាពេលឆាប់ៗខាងមុខនេះ ដើម្បីផ្គត់ផ្គង់ដល់អតិថិជន និងតំណាងដៃគូ ចែកចាយទូទាំង២៥ខេត្តក្រុង ប្រមាណ១ម៉ឺននាក់៕