(កូរ៉េ)៖ ផលិតកម្មធំៗពីររបស់កូរ៉េខាងត្បូងគឺ SM និង JYP បានប្រកាសពីការចាប់ដៃសហការគ្នា បង្កើតក្រុមហ៊ុនថ្មីមួយ ក្នុងគោលបំណងរៀបចំការប្រគំតន្ត្រីផ្សាយផ្ទាល់តាមអនឡាញដ៏ធំ និងដំបូងបង្អស់មិនធ្លាប់មានពីមុនមក ឈ្មោះថា «Beyond LIVE concert»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
បើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ផលិតកម្ម SM និង JYP នឹងបង្កើតក្រុមហ៊ុនថ្មីរួមគ្នាមួយ ឈ្មោះថា «Beyond LIVE Corporation (BLC)» ដែលជាក្រុមហ៊ុនជំនាញផ្នែករៀបចំការប្រគំតន្ត្រី តាមអនឡាញ ដំបូងបង្អស់របស់ពិភពលោក។
BLC នឹងក្លាយជាក្រុមហ៊ុនរៀបចំការប្រគំតន្ត្រី Beyound LIVE ដែលមានកិច្ចសហប្រតិបត្តិការគ្នា រវាងផលិតកម្មល្បីលំដាប់ពិភពលោក JYP និង SM ជាមួយនឹងការច្នៃប្រឌិតនូវសមត្ថភាពផលិតមាតិកា តាមរយៈបច្ចេកវិទ្យារបស់ក្រុមហ៊ុន Naver។ តាមរយៈគម្រោងប្រគំតន្រ្តីតាមអនឡាញ Beyound LIVE នេះ ត្រូវបានគេសន្និដ្ឋានថា នឹងទទួលជោគជ័យ ហើយអាចពង្រីកកេរ្តិ៍ឈ្មោះទៅកាន់ទីផ្សារពិភពលោកផងដែរ។
គួរបញ្ជាក់ថា ការប្រគំតន្ត្រី Beyound LIVE ត្រូវបានបង្កើតឡើងនៅក្នុងខែមេសា និងទទួលបានការកោតសរសើរជាច្រើន ដោយសារមានការប្រើប្រាស់បច្ចេកវិទ្យាថ្មី AR និង Cultural technology។ ខណៈនៅពេលខាងមុខ ការប្រគំតន្ត្រីអនឡាញនេះ នឹងរៀបចំនៅថ្ងៃទី០៩ ខែសីហា វេលាម៉ោង៣រសៀល ពេលវេលានៅកូរ៉េខាងត្បូង ដែលមានការចូលរួមដោយក្រុមចម្រៀងនារី TWICE៕