(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិតរថយន្ដអាមេរិក Ford Motor លោក Jim Hackett នឹងចូលនិវត្តន៍ ក៏ដូចជាលាលែងចេញពីតំណែង នៅថ្ងៃទី០១ ខែតុលាខាងមុខនេះ ហើយនាយកគ្រប់គ្រងការងារប្រចាំថ្ងៃ (COO) លោក Jim Farley នឹងឡើងមកកាន់តំណែងជំនួសលោក។ នេះបើតាមក្រុមហ៊ុន Ford ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។
លោក Jim Farley មានអាយុ៥៨ឆ្នាំ នឹងក្លាយជានាយកប្រតិបត្តិ (CEO) ទី៤ របស់ក្រុមហ៊ុនផលិតរថយន្ដអាមេរិក Ford Motor គិតចាប់តាំងពីឆ្នាំ២០១៤មក។ លោក Farley បានចូលរួមជាមួយក្រុមហ៊ុន Ford តាំងតែពីឆ្នាំ២០០៧ និងបានដឹកនាំកិច្ចការពាណិជ្ជកម្មថ្មី, បច្ចេកវិទ្យា និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន មុននឹងត្រូវបាន តែងតាំងជា COO កាលពីខែមីនាកន្លងទៅ។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Ford កំឡុងពេលអន្តរកាលពីរខែ លោក Jim Hackett និងលោក Jim Farley នឹងធ្វើងាររួមគ្នា ហើយលោក Hackett មានអាយុ៦៥ឆ្នាំ នឹងបន្តធ្វើជា ទីប្រឹក្សាក្រុមហ៊ុនរហូតដល់ខែមីនា ឆ្នាំ២០២១៕