(អាមេរិក)៖ គណៈកម្មការ សហភាពអឺរ៉ុប (EU) បានបើកការស៊ើបអង្កេតស៊ីជម្រៅទៅលើកិច្ចព្រមព្រៀងរបស់ Google ក្នុងការទិញយកក្រុមហ៊ុន តាមដាន សុខភាព Fitbit ក្នុងតម្លៃ ២.១ពាន់លានដុល្លារអាមេរិក ដែលការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានក្ដីព្រួយបារម្ភទៅលើ បញ្ហា ទិន្នន័យ អ្នកប្រើប្រាស់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់របស់ EU បានបង្ហាញពីក្ដីព្រួយ បារម្ភ ថា ការទិញយកដាក់ក្រុមហ៊ុន Fitbit ពីសំណាក់ក្រុមហ៊ុន Google អាចនឹងយកទៅប្រើប្រាស់ក្នុងគោលដៅផ្សព្វផ្សាយពាណិជ្ជកម្ម ព្រោះថា Google ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំមួយ ហើយភាគច្រើនគឺបង្ហាះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈទិន្នន័យអ្នកប្រើ។
ចំណុចមួយទៀតដែលជាក្ដីបារម្ភនោះគឺថា ក្រុមហ៊ុន Google បានទិញក្រុមហ៊ុន Fitbit ក្នុងតម្លៃ ២.១ពាន់លានដុល្លារ ដែលជាតម្លៃមួយខ្ពស់ ប៉ុន្តែ បើ តាម ការបកស្រាយគឺ Google ទិញក្នុងគោលបំណងបង្កើតនាឡិកាឆ្លាតវៃ និងឧបករណ៍ពាក់ដៃផ្សេងៗ ជាពិសេសគឺឧបករណ៍តាមដានសុខភាព របស់ មនុស្ស ដែលបច្ចុប្បន្នវាជាក្ដីបារម្ភ និងការយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព៕