(អាមេរិក)៖ តុលាការបានសម្រេចដាក់ទោសអតីតវិស្វករក្រុមហ៊ុន Google ឱ្យជាប់គុកចំនួន ១៨ខែ បន្ទាប់ពីរកឃើញថា បុរសរូបនេះបានលួច ទិន្នន័យ របស់ក្រុមហ៊ុន និងបានផ្ញើឱ្យក្រុមហ៊ុនផ្សេង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។
លោក Anthony Levandowski ជាអតីតវិស្វកក្រុមហ៊ុន Google ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក ១៨ខែ ដោយសារតែគាត់បានលួច ទិន្នន័យ សំខាន់ពាក់ព័ន្ធនឹងការបង្កើតរថយន្តបើកបរដោយស្វ័យប្រវត្ត និងបានផ្ញើទៅឱ្យក្រុមហ៊ុនប្រកួតប្រជែងមួយខែមុនពេលលោកចូលធ្វើការនៅក្នុង ក្រុមហ៊ុន Uber Technologies Inc។
យោងតាមការបញ្ជាក់របស់ Google បានឱ្យដឹងថា លោក Levandowski បានលួចយកឯកសារសម្ងាត់ប្រមាណជា ១៤០០០ឯកសារ ក្នុងនោះ មាន ឯកសារពាក់ព័ន្ធនឹងពេលវេលានៃការកំណត់សម្រាប់ចេញផលិផល ព័ត៌មានទាក់ទងនឹងការរចនាម៉ូដ រួមនឹងទិន្នន័យជាច្រើនទៀត។ Google បាន អះអាងថា លោក Levandowski បានបញ្ជូនឯកសារទាំងនោះចូលទៅកាន់កុំព្យូទ័រយូរដៃផ្ទាល់ខ្លួនរបស់លោក មុនពេលគាត់លាឈប់ពីក្រុមហ៊ុន ជាពិសេសគឺនៅពេលដែលកំពុងចរចាតំណែងជាមួយក្រុមហ៊ុន Uber ៕