(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន ហាក់មិនសូវសមប្រកបឡើយ បន្ទាប់ពីលីគកំពូលកម្ពុជា ដំណើរការប្រកួតឡើងវិញ បើប្រៀបធៀប ៥ប្រកួតដូចគ្នា មុនផ្អាកការប្រកួតបណ្ដោះអាសន្ន ដោយសារជំងឺកូវីដ-១៩ (Covid-19) គឺផ្ទុយគ្នាស្រឡះ។
បើគិតត្រឹមសប្ដាហ៍ទី៥ ក្នុងរដូវកាលឆ្នាំ២០២០ មុនផ្ទុះជំងឺកូវីដ១៩ ខ្លាំង ភ្នំពេញក្រោន គឺជាក្រុមឈានមុខក្នុងតារាងចំណាត់ថ្នាក់ ជាមួយលទ្ធផល ៥ប្រកួត ឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុ ដូចគ្នាទៅនឹងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង។
ក្រឡកមកមើល ៥ប្រកួតចុងក្រោយ បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឲ្យចាប់ផ្ដើមការប្រកួតឡើងវិញ ភ្នំពេញក្រោន បានបញ្ចប់ជាមួយលទ្ធផលឈ្នះ១ ស្មើ៣ និងចាញ់១។ លទ្ធផលមិនគាប់ប្រសើរនេះ បានធ្វើឲ្យអតីតក្រុមជើងឯក ៦សម័យកាលនេះ ធ្លាក់មកឈរលេខ៥ បណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី១០ ដោយចាញ់ប្រៀបក្រុមព្រះខ័នរាជស្វាយរៀង ៦ពិន្ទុឯណោះ។
ជាមួយការបាត់បង់ពិន្ទុដ៏ច្រើននេះដែរ ខ្សែបម្រើ-ប្រយុទ្ធ Paul Omogba បានសម្ដែងការសោកស្ដាយជាខ្លាំង ដ្បិតរូបគេគិតថា ភ្នំពេញក្រោនសមនឹងទទួលបានជ័យជម្នះក្នុងការប្រកួតសំខាន់ៗនា ៥ប្រកួតចុងក្រោយ។ តែយ៉ាងណាកីឡាករមានបទពិសោធន៍ជោគជាំនៅលីគកំពូលកម្ពុជា បានលើកទឹកចិត្តមិត្តរួមក្រុម ត្រូវបន្ដការខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាលទ្ធផលល្អក្នុងការប្រកួតជើងទី១ នេះ។
Omogba បាននិយាយថា «យើងមានអារម្មណ៍សោកស្តាយ ចំពោះការប្រកួតទាំងនោះ យើងគួរតែឈ្នះគ្រប់ការប្រកួតសំខាន់ៗនោះ យើងមិនគួរបាត់ពិន្ទុនោះទេ។ ក្រុមរបស់ពួកយើងបានបង្កើតឱកាសជាច្រើន ប៉ុន្តែនេះគឺជាបាល់ទាត់ យើងនឹងខំប្រឹងបន្ថែមទៀត ដើម្បីបញ្ចប់ការប្រកួតនៅជើងទី១ ឲ្យបានល្អ ដូច្នេះយើងទាំងអស់គ្នាត្រូវតែខំប្រឹងឡើង មិនត្រូវបោះបង់ចោលដោយងាយៗពេកនោះទេ បើកញ្ចែមិនទាន់ផ្លុំបញ្ចប់នោះ»។
ចំពោះលទ្ធផលទាំង ១០ប្រកួត ដែលភ្នំពេញក្រោន បានបញ្ចប់កន្លងទៅ រួមមានឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-០, ឈ្នះក្រុមយុវជនបាទី ៧-០, ឈ្នះក្រុមអាស៊ីអឺរ៉ុប ៦-០, ស្មើក្រុមព្រះខ័នរាជស្វាយរៀង ០-០, ឈ្នះក្រុមអង្គរថាយហ្គឺរ ១-០, ស្មើក្រុមវិសាខា ២-២, ឈ្នះក្រុមនគរបាលជាតិ ៤-០, ចាញ់ក្រុមបឹងកេត ៣-១ និងចុងក្រោយស្មើក្រុមសូលទីឡូអង្គរ ២-២។ ចុងសប្ដាហ៍នេះ ភ្នំពេញក្រោន នឹងត្រូវជួបក្រុម្ចាស់ផ្ទះគិរីវង់ នៅថ្ងៃទី០៨ ខែសីហាចុងសប្ដាហ៍នេះ ក្នុងសប្ដាហ៍ទី១១ នៃលីគកំពូលកម្ពុជា៕