(មែនឆេស្ទើ)៖ កីឡាករខ្សែបម្រើ-ប្រយុទ្ធ Casemiro របស់ក្រុមអធិរាជស Real Madrid បាននិយាយថា ការលេងដោយបិទទ្វារកីឡដ្ឋានពេលប៉ះ Manchester City អាចជួយឲ្យក្រុមម្ចាស់ជើងឯក LaLiga មានភាពប្រសើរឡើងក្នុង Champions League របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា LiveScore នៅថ្ងៃនេះ។
ក្រុមអេស្ប៉ាញ Real Madrid បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad ដើម្បីប្រកួតជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយទល់នឹងក្រុមរបស់លោក Pep Guardiola នៅរាត្រីថ្ងៃសុក្រសប្តាហ៍នេះ ក្រោយពីបានចាញ់ក្នុងលទ្ធផល ២-១ កាលពីជើងទី១ មុនពេលត្រូវបានសម្រាកដោយសារវិបត្តិ Covid-19។
កីឡាករជួរមុខ Gabriel Jesus និង Kevin De Bruyne នៅតែជាតួអង្គសំខាន់របស់ Man City គ្រាដែលប្រធានក្រុម Sergio Ramos នឹងអវត្តមានក្នុងជើងទី២ នេះ ដោយសារទទួលបានកាតក្រហមកាលជើងទី១ នៅទឹកដីអេស្ប៉ាញនាកីឡដ្ឋាន Santiago Bernabeu កាលពីខែកុម្ភៈ តែយ៉ាងណាខ្សែបម្រើប្រេស៊ីល Casemiro នៅតែជឿជាក់ថា ក្រុមរបស់លោក Zinedine Zidane អាចទទួលបានអត្ថប្រយោជន៍ពីការលេងដោយគ្មានអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន។
Casemiro បានបន្តប្រាប់ព័ត៌មាន Esporte Interactivo ថា «បើគ្មានអ្នកគាំទ្រទេ វាជាការប្រកួតមួយផ្សេង។ វានឹងក្លាយជាការប្រកួតដ៏ល្អ និងលំបាកសម្រាប់ក្រុមទាំងពីរ ប៉ុន្តែយើងគឺជាក្រុម Real Madrid ហើយយើងដឹងថា យើងនឹងមានឱកាសឆ្លងកាត់បាន។ ពួកគេនឹងមិនមានអ្នកគាំទ្ររបស់ពួកគេទេ ដែលនេះអាចនឹងជួយយើងបានបន្តិច។ ប៉ុន្តែកីឡាករ គឺដូចគ្នា គ្រូបង្វឹកគឺដូចគ្នា ហើយយើងទាំងអស់គ្នាដឹងថា វាលំបាកណាស់ ព្រោះពួកគេជាក្រុមដ៏អស្ចារ្យមួយ»៕