(ភ្នំពេញ)៖ ក្រោយអវត្តមានជាច្រើនប្រកួត ខ្សែប្រយុទ្ធស្នូលរបស់ក្លិបព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម បានត្រឡប់ចូលទីលានវិញហើយ បន្ទាប់ពីជាសះស្បើយពីរបួស ប៉ុន្ដែគ្រូបង្វឹកលោក Conor Nestor បានបញ្ជាក់ថា ម្ចាស់អាវលេខ៧ រូបនេះត្រូវការពេលវេលា និងបង្ហាញខ្លួនច្រើន ដើម្បីស្ដារកម្លាំងឡើងវិញ។
ប្រាក់ មុន្នីឧត្តម បានបង្ហាញខ្លួនជាថ្មី ស្របពេលក្រុមការពារតំណែងជើងឯកស្វាយរៀង បានយកឈ្នះក្រុមខ្លាំងវិសាខា ដោយលទ្ធផល ៣-២ ក្នុងជំនួបសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ។ ប៉ុន្ដែក្រោយលេងបាន ១៥នាទី គ្រូបង្វឹកខាងលើបាននិយាយថា ឧត្តម មិនទាន់ដូចដើមនោះទេ។
គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានបញ្ជាក់ថា «ប្រាក់ មុន្នីឧត្តម គាត់មិនទាន់មានកម្លាំងគ្រប់វិញទេ ដោយសារតែគាត់ខកខានលេងច្រើនប្រកួត។ ជាក់ស្ដែងជួបក្រុមវិសាខា គាត់លេងបានតែ ១៥នាទី។ អញ្ចឹងយើងត្រូវឲ្យគាត់លេងឲ្យបានច្រើន ដើម្បីកម្លាំងកាយគាត់ត្រឡប់មកវិញ។ នេះជាអ្វីដែលយើងត្រូវធ្វើជាមួយគាត់»។
យ៉ាងណាមិញលោក Conor Nestor អះអាងថា កីឡាករក្នុងក្រុមសុទ្ធតែសំខាន់ដូចគ្នា មិនមែនមានតែ មុន្នីឧត្តម ឡើយ។ លោកថា «យើងដឹងស្រាប់ហើយក្រុមយើង យើងមិនមែនមានកីឡាករសំខាន់តែមួយរូបទេ ឧត្តម គឺជាកីឡាករសំខាន់ម្នាក់ ហើយកីឡាករផ្សេងៗក៏សំខាន់ដែរដូចជា វិចិត្រ គាត់ដូរចូល គាត់ខិតខំធ្វើអ្វីតាមគ្រូប្រាប់»។
គួរបញ្ជាក់ថា ទោះបី ប្រាក់ មុន្នីឧត្តម ខកខានជួយក្រុមជាច្រើនប្រកួត ដោយសារបញ្ហារបួសក្ដី តែព្រះខ័នរាជស្វាយរៀង នៅតែរក្សាបាននូវភាពខ្លាំង ពិសេសមានខ្សែប្រយុទ្ធដ៏មុតស្រួចបរទេស ២រូបគឺ Pedro និង Privat ដែលពួកគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមការពារតំណែងជើងឯកនេះ ឈរកំពូលតារាងសប្ដាហ៍ទី១០ ដោយមាន ២៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួត ឈ្នះ៩ និងស្មើ១ មិនទាន់ស្គាល់ចាញ់ឡើយ៕