(ភ្នំពេញ)៖ ក្រោយពីតារាចម្រៀង ខាន់ ជេមស៌ និងក្រុមការងារថតបទចម្រៀង «កុំក្រយូរពេក» ព្រមទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាច្រើន បានជាប់គាំងនៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម រយៈពេល៤ថ្ងៃ មិនអាចវិលត្រឡប់មកគេហដ្ឋានវិញបាន ព្រោះតែបញ្ហាអាកាសធាតុរួចមក តារាច្រៀង ខាន់ ជេមស៌ បានអំពាវនាវប្រាប់ជាមុនដល់អ្នកទេសចរណ៍ ដែលមានបំណងចង់ទៅកំសាន្តនៅតាមតំបន់កោះនានា នៃឆ្នេរសមុទ្រកម្ពុជា ត្រូវតាមដានអាកាសធាតុ (ឧត្តុនិយម) ជាប្រចាំឲ្យបានច្បាស់លាស់ ជៀសវាងជួបគ្រោះអាសន្ន និងជាប់គាំងដូចជារូបលោក។ ខាន់ ជេមស៍ និងអ្នកទេសចរណ៍រាប់រយនាក់ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ រៀបចំទូកល្បឿនលឿន ទៅរំដោះចេញពីក្រុងកោះរ៉ុងមកកាន់ដីគោក ក្រោយពីស្ថានភាពអាកាសធាតុ មានភាពល្អប្រសើរឡើងវិញ។
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះថា រូបលោក និងក្រុមការងារបានជាប់គាំងនៅលើកោះរ៉ុង ចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី០៤ ខែសីហា ព្រោះតែបញ្ហាអាកាសធាតុ ព្យុះភ្លៀងខ្លាំងៗ ធ្វើឲ្យមានរលកធំៗមិនអាចវិលត្រឡប់មកគេហដ្ឋានវិញបានឡើយ។ មូលហេតុដែលក្រុមរបស់លោក និងក្រុមការងារមានសមាជិកប្រមាណពី៦ទៅ៧នាក់ ជាប់គាំងនៅកោះរ៉ុង គឺដោយសារតែលោកទៅថត MV ចម្រៀងបទ «កុំក្រយូរពេក» នៅទីនោះ ខណៈដែលបទនេះក៏មានការចូលរួមថតជាមួយលោកគ្រូ ឱម សេងបូរ៉ា និងសិក្ខាកាមរបស់គាត់ជាច្រើននាក់ទៀត។
លោក ខាន់ ជេមស៌ បានបន្តទៀតថា នៅក្នុងហេតុការណ៍ជាប់គាំងនោះ មានអ្នកខ្លះសម្តែងក្តីបារម្ភ និងភ័យស្លន់ស្លោរ ប៉ុន្តែសម្រាប់រូបលោកពុំមានការភិតភ័យខ្លាំងនោះទេ គ្រាន់តែគិតពីការខាតបង់ពេលវេលា ដែលត្រូវបំពេញក្នុងមុខជំនួញ ព្រោះលោកត្រូវមានការងារច្រើន នៅក្នុងទីក្រុងភ្នំពេញ។ ចំណែកឯបញ្ហាចំណីអាហារ និងកន្លែងស្នាក់នៅ គឺមិនខ្វះនោះទេ ព្រោះអាជ្ញាធរនៅលើកោះនោះ បានបញ្ជូនតាមកប៉ាល់ ទៅជាបន្តបន្ទាប់។
នៅពេលដែលលោក ក៏ដូចជាក្រុមការងារទទួលបានដំណឹងថា អាជ្ញាធរខេត្តព្រះសីហនុ មានដូចជាអភិបាលខេត្ត, លោកស្នងការខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត ទៅជួយរំដោះចេញពីកោះរ៉ុងនោះ ធ្វើឲ្យរូបលោក និងក្រុមការងារមានក្តីរំភើប រីករាយ និងកក់ក្តៅក្នុងចិត្ត ពេលទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ។ រូបលោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានជួយរូបលោក និងអ្នកទេសចរណ៍ជាច្រើនទៀត ឲ្យរួចផុតពីគ្រោះអាសន្ននេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដឹកនាំបញ្ជាផ្ទាល់ ក្នុងការចុះអន្តរាគមន៍ ដោយរៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន ៣គ្រឿង សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍ ដែលជាប់គាំងនៅក្រុងកោះរ៉ុង (កោះរ៉ុង និងកោះរ៉ុងសន្លឹម) បានត្រឡប់មកដីគោកក្រុងព្រះសីហនុវិញ ក្រោយពីអាកាសធាតុមានភាពធូរស្រាល។
របាយការណ៍ដដែល បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ដែលត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញ មានចំនួនសរុប ៦២១នាក់ ស្រី២១៥នាក់ ជនបរទេស ៥០នាក់ ស្រី ២៤នាក់ ក្មេង ៩៦នាក់ និងទារក ៦នាក់ ដែលបានទៅលេងកំសាន្តនៅក្រុងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ ដោយរងឥទ្ធិពលពីព្យុះទី៣ ឈ្មោះ «ស៊ីនឡាគូ»។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្តក្រុងចំនួន ៨គ្រឿង សម្រាប់ដឹកជញ្ជូនទៅកាន់គោលដៅរបស់ភ្ញៀវ។ អូប័រខ្នាតធំចំនួន៤គ្រឿង ចេញសរុប២លើក ស្មើ៥ជើង នៅចំណុចផែចំនួន៦ មានក្រុមហ៊ុនចូលរួមចំនួន៣ (ក្រុមហ៊ុនអាយលែន២គ្រឿង ដឹក៣ជើង, ប៊ូវ៉ាស៊ី១គ្រឿងដឹក១ជើង, ក្រុមហ៊ុនស្ពីដហ្វឺរី ១គ្រឿងដឹក១ជើង)៕