(ភ្នំពេញ)៖ អតីតតារាចម្រៀង ម៉ូលីកា និងស្វាមីនាងតារាសម្ដែងលោក ហុង មានុន ហៅឆានុន បានបង្ហាញទឹកមុខរីករាយខ្លាំង នៅថ្ងៃចេញខែកូនស្រីរបស់ពួកគេឈ្មោះ «នុន ច័ន្ទម៉ូលីតា» គម្រប់១ខែ នៅថ្ងៃទី០៥ខែសីហា ឆ្នាំ២០២០នេះ ខណៈដែលកូនស្រីរូបនេះ ត្រូវបានរូបនាង និងស្វាមី បានចាត់ទុកថា «ជាកូនមាសកូនពេជ្រ» ព្រោះបន្ទាប់ពីកូនរូបនេះ ចាប់កំណើតក្នុងផ្ទៃ និងរហូតចាប់កំណើត បាននាំលាភនាំសំណាងដល់គ្រួសារ រហូតរកចំណូលបានរាប់ម៉ឺនដុល្លារ ដើម្បីផ្ដល់អាទិភាពឲ្យធ្វើសកម្មភាពមនុស្សធម៌ ជួយសង្គមបានកាន់តែច្រើន។
ម៉ូលីកា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃនេះថា រូបនាងនិងស្វាមីបានរៀបចំពិធីចេញខែជូនកូនស្រី សំណព្វចិត្តរបស់ពួកគេ ដោយមានតាំងប៉េងប៉ោង និងភ្ជាប់រូបភាពថ្ងៃសម្រាលទៀតផង។ ម៉ូលីកា បន្តថា នាងណ និងស្វាមីបានចាត់ទុកកូនស្រីថាជា «កូនមាសកូនពេជ្រ» ខណៈដែលអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរ ដែលពេលនេះនាងមានសុភមង្គលក្នុងគ្រួសារខ្លាំង ក្រោយទទួលបានចំណងដៃកូនស្រីដ៏ Cute Cute នេះ។
អតីតតារាចម្រៀងរូបនេះ បានបន្ថែមទៀតថា ចាប់តាំងពីកូននៅក្នុងផ្ទៃ រូបនាងបានជួយដល់សកម្មភាពសង្គមជាច្រើន។ ជាក់ស្ដែងដូចជាការនាំយកម៉ាសចំនួន៥,០០០ ស្រោមដៃចំនួន៥០០គូ និងទឹកអាល់កុលចំនួន៦០០ដប ជូនលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩ កាលពីពេលថ្មីៗនេះជាដើម។
សូមបញ្ជាក់ថា យ៉ាងណាមិញ នេះជាកាដូដែលរឹតតែមិនអាចកាត់ថ្លៃបាន ហើយធ្វើឲ្យចំណងស្នេហា ម៉ូលីកា និងស្វាមីរឹងមាំថែមទៀត។ ការមានកូនស្រីដ៏គូរឲ្យស្រឡាញ់នៅពេលនេះ សមតាមបំណងរបស់ពួកគេរួចទៅហើយ ប៉ុន្តែតាមគម្រោង មិនត្រឹមតែមានកូនចំនួន១នេះ សម្រាប់គូស្នេហ៍តារាវ័យក្មេង១គូនេះ ប្រកាសថា ចង់បានកូន៣នាក់ ហេតុនេះហើយ ត្រូវតែតាមយកឲ្យបាន២នាក់ថែមទៀត។
ដោយឡែក ទាក់ទងអាជីពសិល្បៈវិញ ម៉ូលីកា នៅតែអះអាងថា នាងស្រលាញ់អាជីពចម្រៀង និងចង់វិលវិញនៅពេលដែលអាចដកឃ្លាបាន ខណៈដែលលោក ឆានុន រាងរយាលៗ ពីការថតសម្ដែង ដោយពេលខ្លះលោក Live លក់ផលិតផលជំនួសភរិយា និងពេលខ្លះទៀត លោកចំណាយពេលមើលថែរកូន ជំនួសប្រពន្ធទៀតផង។ គូស្នេហ៍មិនតិចនាក់ទេច្រណែន ម៉ូលីកា ដែលមានស្វាមីរូបសង្ហា និងកាន់តែស្រឡាញ់ថ្នាក់ថ្នមប្រពន្ធ ក្រោយមានចំណងដៃកូនស្រី១៕