(អាមេរិក)៖ ក្រុមហ៊ុនតាក់ស៊ីដ៏ធំមួយនៅក្នុងពិភពលោក Uber បានប្រកាសឱ្យដឹងថា ខ្លួនបាននិងកំពុងទិញក្រុមហ៊ុនបច្ចេកវិទ្យាតាក់ស៊ីរបស់ចក្រភព អង់គ្លេស Autocab ដើម្បីបង្កើត Software ផ្ទាល់ខ្លួន និងដើម្បីបន្ថែមនូវលក្ខណៈពិសេសជាច្រើនទៀតទៅលើ Software ដែលមាននាពេលបច្ចុប្បន្ន ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរបានយល់ព្រមលើកិច្ច
ព្រមព្រៀង ទិញលក់ និងឯកភាពទៅលើលក្ខខណ្ឌមួយចំនួន ដើម្បីតម្លាភាពរវាងក្រុមហ៊ុនទាំងពី ក្រោយពេលទិញលក់ ប៉ុន្តែសម្រាប់តម្លៃនោះ មិនត្រូវបាន ប្រកាសឱ្យដឹងនោះទេ។

តំណាងក្រុមហ៊ុន Uber បាននិយាយថា Autocab គឺជាក្រុមហ៊ុន Startup ថ្មីមួយ ប៉ុន្តែជាក្រុមហ៊ុនដែលមានជំនាញ និងបទពិសោធន៍ល្អ ជាពិសេស គឺ សេវាកម្មដែលក្រុមហ៊ុននេះមាន វាស័ក្តិសមជាមួយនឹងអ្វីដែល Uber ត្រូវការ និងចង់បាន។

គួរបញ្ជាក់ផងដែរថា Uber ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៩ ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក ផ្ដល់សេវាកម្មដឹកបញ្ជូន ដោយបច្ចុប្បន្ន ផ្ដោត សំខាន់លើសេវាកម្មតាក់ស៊ី និងដឹកជញ្ជូនម្ហូបអាហារ ដែលកាលពីឆ្នាំ ២០១៩ រកចំណូលបានជាង ១៤ពាន់លានដុល្លារអាមេរិក៕