(ភ្នំពេញ)៖ ទីបំផុតកីឡាករ ម៉ាត់ យ៉ាម៉ីន បានរកទ្រនំថ្មី ដើម្បីបន្ដអាជីពបាល់ទាត់របស់ខ្លួនបានហើយ គឺក្លិបនគរបាលជាតិ ក្រោយត្រូវក្លិបបឹងកេត ប្រកាសពិន័យ និងបញ្ចប់កិច្ចសន្យាមុនកាលកំណត់កាលពីដើមរដូវកាលកន្លងទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបនគរបាលជាតិ នៅព្រឹកថ្ងៃទី០៦ ខែសីហានេះ ក្លិបបានចុះកិច្ចសន្យារយៈពេល ១រដូវកាលកន្លះ ជាមួយអតីតខ្សែការពារដ៏រឹងមាំនេះ ពោលគឺគិតពីជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១។

សូមបញ្ជាក់ថា ម៉ាត់ យ៉ាម៉ីន ត្រូវបានបឹងកេត បញ្ចប់កិច្ចសន្យាភ្លាមៗកាលពីដើមខែកុម្ភៈ ក្រោយផ្ទុះព័ត៌មានពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនលើបណ្ដាញសង្គម៕