(បរទេស)៖ តារាចម្រៀង POP ល្បីឈ្មោះ ជនជាតិលីបង់ កញ្ញា Nancy Ajram បានប្រកាសផ្អាកសម្តែង ក្នុងការប្រគំតន្រ្តី Tik Tok ក្រោយពីមានហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារ ទី០៤ ដែលបណ្តាលឲ្យមនុស្ស១០០នាក់ស្លាប់ និងរបួសរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Arab News នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
ការផ្អាកសម្តែងក្នុងការប្រគំតន្រ្តីនេះត្រូវបានគេដឹងថា គឺដើម្បីចូលរួមកាន់ទុក្ខអ្នកដែលបាត់បង់ជីវិតក្នុងហេតុការណ៍ ផ្ទុះខ្លាំងស្តុកសារធាតុគីមី នៅទីក្រុងបេរូត ប្រទេសលីបង់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Tik Tok បានឲ្យដឹងថា «ដោយសារមានការផ្ទុះដ៏សាហាវនៅទីក្រុងបេរ៉ូត Tik Tok សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះប្រជាជនលីបង់ និងរួមចំណែកជាមួយពួកគេដោយសាមគ្គីភាពក្នុងពេលវេលាដ៏លំបាកមួយនេះ»។
តាមការគ្រោងទុក ការប្រគំតន្រ្តី Tik Tok នឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៦ ខែសីហានេះ វេលាម៉ោង១០យប់ (ម៉ោងក្នុងតំបន់) ប៉ុន្តែវាត្រូវបានផ្អាកទៅវិញ ដោយសារហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត ខណៈការបរិច្ឆេទថ្មី នៃការប្រគំតន្រ្តីនេះមិនទាន់កំណត់នៅឡើយទេ។
គួរជម្រាបថា រដ្ឋាភិបាលលីបង់បានប្រកាសកាន់ទុក្ខរយៈពេល ០៣ថ្ងៃ ដោយរាប់ពីថ្ងៃពុធ ទី០៥ ខែសីហា នេះតទៅ បន្ទាប់ពីជនរងគ្រោះ១០០នាក់បានស្លាប់ និងច្រើនជាង ៤,០០០នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕