(ភ្នំពេញ)៖ ក្រុមហ៊ុនអាជីវកម្មចល័ត MVL ដែលបានដំណើរការកម្មវិធីធ្វើដំណើរ TADA នៅតំបន់អាស៊ីអាគ្នេយ៍ បានទទួលប្រាក់វិនិយោគទុនបន្ថែម ៥លានដុល្លារ ក្នុងកិច្ចព្រមព្រៀងមួយថ្មីៗនេះ ដែលវិនិយោគដោយក្រុមហ៊ុន Central។

មកទល់ពេលនេះ ក្រុមហ៊ុន MVL បានទទួលប្រាក់វិនិយោគទុនសរុប ចំនួន១៣.៤លានដុល្លារហើយ ក្នុងរយៈពេល២ឆ្នាំ នៃដំណើរការសេវាកម្មរបស់ខ្លួន។

ក្រុមហ៊ុនអាជីវកម្មចល័ត MVL មានអ្នកប្រើប្រាស់រហូតដល់ទៅ៦០០,០០០នាក់ នៅក្នុងប្រទេសសិង្ហបុរី, វៀតណាម និងកម្ពុជា ជាមួយនឹងគោលការណ៍សេវាកម្ម មិនកាត់កម្រៃជើងសារដ៏ពិសេសរបស់ខ្លួន។

MVL មានគម្រោងផលិតតុកតុកអេឡិចត្រូនិច ដើម្បីចែកចាយទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ដោយសហការជាមួយក្រុមហ៊ុន Myung-shin ដែលជាក្រុមហ៊ុនផលិតយានយន្តអេទ្បិចត្រូនិចមួយ មានរោងចក្រផលិតនៅប្រទេសកូរ៉េខាងត្បូង។

ផ្អែកលើហិរញ្ញប្បទាននេះ MVL មានគម្រោងក្នុងការពន្លឿនផែនការរបស់ខ្លួនបន្ថែមទៀត ក្នុងការផ្គត់ផ្គង់យានយន្តអេទ្បិចត្រូនិចនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ MVL មានគោលបំណងចែកចាយ និងលក់រហូតដល់១០,០០០តុកតុកអេទ្បិចត្រូនិច នៅក្នុងប្រទេសកម្ពុជាឆ្នាំក្រោយនេះ។

លោក Kay Woo, នាយកប្រតិបត្តិរបស់ MVL បានថ្លែងថា «ការមិនកាត់កម្រៃជើងសារ ពីអ្នកបើកបរគឺជាអត្ថប្រយោជន៍ធំបំផុតរបស់ TADA។ ជាមួយនឹងគោលការណ៍ មិនកាត់កម្រៃជើងសារនេះ យើងនឹងអាចចែកចាយតុកតុកអេទ្បិចត្រូនិចនេះ យ៉ាងលឿនទៅកាន់អ្នកប្រើប្រាស់កម្មវិធីរហូតដល់៦០០,០០០នាក់ និងនាំចូលចល័ត ភាពបែបច្នៃប្រឌិតថ្មី មកកាន់ទីផ្សារអាស៊ីអាគ្នេយ៍»

គូសបញ្ជាក់ថា MVL ជាប្រព័ន្ធអេកូចល័តដែលមានមូលដ្ឋានលើបច្ចេកវិទ្យា Blockchain។ ក្រុមហ៊ុន MVL កំពុងជំរុញឲ្យមានការផ្លាស់ប្តូរទ្រង់ទ្រាយធំមួយ នៃចល័តភាពរបស់ខ្លួន តាមរយៈសេវាកម្មកក់ការធ្វើដំណើរ ដែលមិនកាត់កម្រៃជើងសារដំបូងបង្អស់ នៅអាស៊ីអាគ្នេយ៍គឺ កម្មវិធី TADA ដែលមានអ្នកបើកបរជាង៨១ពាន់នាក់ និងអ្នកដំណើរច្រើនជាង៥សែននាក់ នៅប្រទេសសិង្ហបុរី, វៀតណាម និងកម្ពុជា៕