(ភ្នំពេញ)៖ ជំនួបរវាងក្រុមខ្លាំងណាហ្គាវើល ប៉ះព្រះខ័នស្វាយរៀង ត្រូវបានគេចាត់ទុកថាជាគូពិសេសប្រចាំសប្តាហ៍ទី១១ នៃវគ្គសន្សំពិន្ទុក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២០ នេះដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៨ ខែសីហាតែម្តងនៅកីឡដ្ឋានស្តាតចាស់ នាម៉ោង ៦៖០០នាទីល្ងាច។

គួរដឹងផងដែរថា ណាហ្គា កាលពីសប្តាហ៍ទី១០ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ក្នុងលទ្ធផល ៤-២ នាថ្ងៃសៅរ៍ ទី០១ ខែសីហានៃទឹកដីកីឡដ្ឋាន អេ.អ៊ី.យូ ស្ពតផាត។ ណាហ្គាឆ្លងកាត់ ៩ប្រកួតកន្លងមកនេះ ឈ្នះ៦ និងស្មើ៣ និងឈរនៅចំណាត់ថ្នាក់លេខ៣ មាន ២១ពិន្ទុ។

ចំណែកឯស្វាយរៀង ដែលជាក្រុមការពារជើងឯកវិញ កាលពីសប្តាហ៍ទី១០ ក៏បានយកឈ្នះវិសាខា នៅក្នុងលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យ ទី០២ ខែសីហា កន្លងទៅដែរនៅកីឡដ្ឋានខេត្តស្វាយរៀង។ ស្វាយរៀង ឆ្លងកាត់ ៩ប្រកួតដូចគ្នា ឈ្នះ៨ និងស្មើ១ មិនដែលចាញ់ម្តងណាឡើយ និងបានកំពុងឈរនៅលើកំពូលតារាងថែមទៀតផង ដោយមាន ២៥ពិន្ទុ៕