(បរទេស)៖ រដ្ឋអាជ្ញាឥណ្ឌាបាននិយាយកាលពីថ្ងៃពុធ សប្តាហ៍នេះថា ទីភ្នាក់ងារស៊ើបអង្កេត នឹងបើកការស្រាវជ្រាវរកមូលហេតុពិតប្រាកដ ជុំវិញការស្លាប់របស់កំពូលតារាសម្តែងល្បីឈ្មោះរបស់បូលីវូដ លោក Sushant Singh Rajput ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន ស្គាល់តាមរយៈសម្តែងជាតួឯកប្រុសក្នុងរឿង «ជីវិតស្រ្តីមេផ្ទះ»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
លោក Sushant Signh Rajput ដែលមានវ័យ៣៤ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់លោក នៅទីក្រុងប៊ុមបៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។ មូលហេតុនៃការស្លាប់របស់លោក ត្រូវបានប៉ូលិសសន្និដ្ឋានថា ស្លាប់ដោយចៃដន្យ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត បានរាយការណ៍ថា លោក Rajput ស្លាល់ដោយការធ្វើអត្តឃាត ដែលមើលទៅហាក់បីដូចជា មិនមានភាពច្បាស់លាស់ទាល់តែសោះ ជុំវិញមូលហេតុនៃការស្លាប់របស់តារាល្បីរូបនេះ ទើបក្រុមគ្រួសារលោក Rajput សំណូមពរឲ្យមានការស៊ើបអង្កេត ដើម្បីដឹងពីមូលហេតុពិតប្រាដក។
ជាការកត់សម្គាល់ នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ លោក Tushar Mehta ដែលជាមន្រ្តីជាន់ខ្ពស់ផ្នែកយុត្តិធម៌របស់ឥណ្ឌា បានប្រាប់តុលាការកំពូលថា រដ្ឋាភិបាលសហព័ន្ធរបស់ឥណ្ឌាបានអនុញ្ញាត សេចក្តីស្នើសុំរបស់រដ្ឋបាលរដ្ឋ Bihar ជាកន្លែងតារាប្រុស Raiput ស្នាក់នៅ ហើយពាក់ព័ន្ធការប្រគល់ការងារស្រាវជ្រាវ ករណីស្លាប់របស់កំពូលតារាសម្តែង Sushant Singh Rajput ឲ្យទៅទីភ្នាក់ងារស៊ើបអង្កេត CBI របស់រដ្ឋាភិបាលសហព័ន្ធឥណ្ឌា ជាអ្នកចាត់ចែងវិញ។
តែយ៉ាងណារដ្ឋបាលរដ្ឋ Maharashtra ជារដ្ឋមួយផ្សេងទៀត និងមានទីក្រុងប៊ុមបៃជារដ្ឋធានី បានបដិសេធមិនព្រមផ្ទេរសំណុំរឿងនេះ ពីប៉ូលិសក្នុងតំបន់ទៅទីភ្នាក់ងារ CBI ឡើយ ដោយលើកឡើងថា គ្មានដីកាពីតុលាការសហព័ន្ធ។
គួរបញ្ជាក់ថា នៅរដ្ឋ Bihar គណបក្សរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ចែករំលែកអំណាចជាសម្ព័ន្ធមិត្ត ហើយរដ្ឋ Bihar គ្រោងនឹងរៀបចំការឆ្នោតអំឡុងចុងឆ្នាំនេះ។ រីឯ Maharashtra ជារដ្ឋមានស្តុកស្តម្ភជាងគេប្រចាំប្រទេសឥណ្ឌា ស្ថិតក្រោមអំណាចគ្រប់គ្រងរបស់រដ្ឋបាលចម្រុះ នៃគណបក្សប្រឆាំងចំនួនបី៕