(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីបាល់ទាត់លេខ១ ដែលជាពានសម្តេចតជោ ហ៊ុន សែន លើកទី១៤ (ថ្នាក់ខេត្ត) ឆ្នាំ២០២០ ផ្អើលមនុស្សទៅមើលពេញខេត្តតែម្តង។
ពិធីដង្ហែបានរៀបចំឡើង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។
លោក ជា សុមេធី បានថ្លែងនូវការកោតសរសើរដល់គ្រូបង្វឹករបស់ក្រុមបាល់ទាត់ប្រចាំខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន ដល់កូនក្រុមក្នុងការប្រកួតទទួលបានជ័យជម្នះ ដែលជាផ្នែកមួយក្នុងការលើកមុខលើកមាត់ដ៏ធំធេង សម្រាប់ខេត្តព្រៃវែងនេះ។ លោកក៏សំណូមពរដល់ក្រុមកីឡាករ ទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ជាបន្តទៅទៀត ដើម្បីឈានទៅដល់ជ័យជម្នះជាបន្តបន្ទាប់ទៀត។
លោកអភិបាលខេត្ត បានបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ សូមឲ្យកីឡាករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែស និងភ្លេចខ្លួននោះទេ ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ។
លោកក៏បានសំណូមពរដល់កីឡាករទាំងអស់ ពេលដែលសម្រាកពីការហ្វឹកហាត់ពេល ដែលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ នៅពេលទៅខាងក្រៅ ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់កូវី១៩ នេះទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកដើម្បីទទួលបានពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី ១៤ ឆ្នាំ២០២០ ថ្នាក់ខេត្តនេះ គឺខេត្តព្រៃវែងទទួលបានជ័យជម្នះ ដែលប្រកួតជាមួយខេត្តត្បូងឃ្មុំ ដោយទទួលលទ្ធផល ១-០ ដែលការប្រកួតនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។
ចំពោះការហែក្បួន អបអរសាទរដល់ក្រុមបាល់ទាត់ប្រចាំខេត្តព្រៃវែង ដែលទទួលបាននូវជ័យជម្នះនេះផងដែរ គឺហែរជុំវិញខេត្ត ហើយបានបន្តដំណើរទៅដល់ស្រុកកំចាយមារ ទៅដល់ភូមិគ្រឹះសម្ដេចអគ្គធម្មពោធិសាល ជា ស៉ីម ដើម្បីអុជធូបគោរពវិញ្ញាណក្ខន្ធដល់សម្ដេចធម្មពោធិសាលនោះផងដែរ៕