(ក្រុងតូរីន)៖ ក្លិបអ៉ីតាលី Inter Milan បានចុះហត្ថលេខាជាអចិន្រ្តៃយ៍របស់ខ្សែប្រយុទ្ធក្រុម Manchester United គឺកីឡាករ Alexis Sanchez ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

កីឡាករអន្តរជាតិឈីលីវ័យ ៣១ឆ្នាំបានចូលរួមជាមួយក្រុមនៅក្របខណ្ឌ Serie A ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលនៅខែសីហាឆ្នាំ២០១៩ ដោយរូបគេរកបាន ៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩ប្រកួតគ្រប់កម្មវិធី។

បន្ថែមលេីនេះ Inter រំពឹងថានឹងអាចដាក់ Sanchez ចូលលេងវគ្គ ៨ក្រុមចុងក្រោយនៅ Europa League នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីយកឈ្នះ Getafe កាលពីថ្ងៃពុធថែមទៀតផង។

លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុម Man United បានថ្លែងប្រាប់ទូរទស្សន៍ BT Sport កាលពីថ្ងៃពុធថា យើងបានយល់ព្រម [កិច្ចព្រមព្រៀងនេះ] ហើយបន្ទាប់ពីក្រុមរបស់គាត់ (Manu) បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះលើក្រុម LASK។

Sanchez រីករាយនឹងពេលវេលារបស់គាត់នៅទីនោះ។ គាត់គឺជាកីឡាករកំពូលម្នាក់ ប៉ុន្តែសម្រាប់ហេតុផលអ្វីក៏ដោយដែលយើងមិនបានមើលឃើញពីអ្វីដែលល្អបំផុតសម្រាប់បិសាចក្រហម។ គាត់គឺជាកីឡាករកំពូលម្នាក់ ហើយយើងសូមជូនពរឲ្យគាត់បន្តជោគជ័យទៀតដែរ។

កន្លងមក Sanchez លេងបាន ៤៥ប្រកួតឲ្យក្រុមបិសាចក្រហម បន្ទាប់ពីចូលរួមពីក្រុម Arsenal ក្នុងឆ្នាំ២០១៨ ដោយរកបានតែ ៥ គ្រាប់ប៉ុណ្ណោះ មុនចាកចេញពីទឹកដី Old Trafford។

Sanchez បានក្លាយជាកីឡាករទី៣ ដែលចូលរួមជាមួយក្រុម Inter ពី United ក្នុងរយៈពេល ១២ខែកន្លងមកនេះដោយរួមមានខ្សែប្រយុទ្ធ Romelu Lukaku និងខ្សែបម្រើ Ashley Young ផងដែរ៕