(ក្រុងឡុងដ៍)៖ ក្រុមរួម Premier League ចចកខ្មៅ Wolverhamton Wanderers បានឈ្នះកៅអី១ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ដូចបិសាចក្រហម Manchester United ផងដែរ ដោយបានទម្លាក់គូប្រជែង Olympiakos ក្នុងលទ្ធផល ២-១ ទាំងពីរជើង។ នេះបើយោងតាមការចេញផ្សាយ ដោយ BBC នៅថ្ងៃនេះ។

Wolves បានយកឈ្នះក្រុមភ្ញៀវ Olympiakos ១-០ នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ ពីការប្រកួតជើងទី២ នៅទឹកដីអង់គ្លេស បន្ថែមលើលទ្ធផលស្មើ ១-១ កាលពីជើងទី១ នៅទឹកដីនៃប្រទេសក្រិក មុនត្រូវបានផ្អាកជា បណ្តោះអាសន្នដោយសារជំងឺ Covid-19 មានរយៈជិត ៥ខែមកនេះ។

កីឡាករខ្សែប្រយុទ្ធមិចសិច Raul Jimenez ជាអ្នករកបានគ្រាប់ជ័យជម្នះឲ្យក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៦ នៅលីគកំពូលអង់គ្លេស Premier League រដូវកាលនេះ ដោយបាល់ប៉េណាល់ទីនៅនាទីទី៨ ពីការរង់ចាំអស់រយៈពេល ៤៨ឆ្នាំសម្រាប់ Wolves ឡើងទៅវគ្គ ១/៤បែបនេះ។

មួយវិញទៀត Wolves បានទម្លាក់ក្រុមដែលបានទម្លាក់កាំភ្លើងធំ Arsenal ក្នុងវគ្គ ៣២ក្រុម Olympiakos ដើម្បីឡើងទៅប៉ះក្រុមអេស្ប៉ាញ Sevilla គ្រាដែល Manchester United ប៉ះក្រុម Copenhagen របស់ដាណឺម៉ាក ក្នុងវគ្គ Quater-Final ដែលនឹងធ្វើឡើងនារាត្រីថ្ងៃអង្គារ-ពុធ ខែសីហានាសប្តាហ៍ក្រោយនេះ៕